ព្រះត្រៃបិដក ភាគ ៦៩
លោកសន្និវាសលិចចុះក្នុងល្បាប់ជ្រៅ ត្រូវភ្លើងគឺរាគៈ ភ្លើងគឺទោសៈ ភ្លើងគឺមោហៈ និងជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ ឧបាយាសៈញាំញីហើយ បុគ្គលដទៃនីមួយ ជាអ្នកលត់ភ្លើងរបស់លោកសន្និវាសនោះ ក្រៅពីតថាគត មិនមានឡើយ ទ្រង់ឃើញថា លោកសន្និវាស អណ្ដែតឡើង ឥតមានទីពឹងជានិច្ច មានអាជ្ញាត្រូវហើយ ធ្វើតាមតែអាជ្ញានោះ រមែងលំបាក ទ្រង់ឃើញថា លោកសន្និវាសជាប់ចំណងវដ្ដៈ ប្រាកដក្នុងទីសម្រាប់សម្លាប់ បុគ្គលដទៃនីមួយ ជាអ្នកស្រាយចំណងឲ្យដល់លោកសន្និវាសនោះ ក្រៅពីតថាគត មិនមានឡើយ ទ្រង់ឃើញថា លោកសន្និវាសឥតមានទីពំនាក់ ដល់នូវភាពគួរអាណិតក្រៃពេក បុគ្គលដទៃនីមួយ ជាអ្នកជួយស្រោចស្រង់លោកសន្និវាសនោះ ក្រៅពីតថាគត មិនមានឡើយ។បេ។ ទ្រង់ឃើញថា លោកសន្និវាសត្រូវសេចក្ដីទុក្ខចាក់ដោតហើយ ត្រូវសេចក្ដីទុក្ខបៀតបៀនហើយ អស់កាលយូរ ទ្រង់ឃើញថា លោកសន្និវាសជាប់ចំពាក់ជានិច្ច ស្រេកឃ្លានជានិច្ច។បេ។
ID: 637361482577193531
ទៅកាន់ទំព័រ៖