ព្រះត្រៃបិដក ភាគ ៦៩
បញ្ញាក្នុងផលសមាបត្តិផ្សេងៗ ឈ្មោះថា សមាបត្តដ្ឋញ្ញាណ បញ្ញាក្នុងវិហារសមាបត្តិផ្សេងៗ ឈ្មោះថា វិហារសមាបត្តដ្ឋញ្ញាណ បញ្ញាក្នុងការផ្តាច់បង់នូវអាសវៈព្រោះសេចក្តីបរិសុទ្ធ ដោយសេចក្តីមិនរាយមាយ ឈ្មោះថា អានន្តរិកសមាធិញ្ញាណ បញ្ញា គឺទស្សនាធិបតេយ្យផង ការបាននូវវិហារដ៏ស្ងប់ផង សេចក្តីចុះចិត្តស៊ប់ក្នុងធម៌ដ៏ឧត្តមផង ឈ្មោះថា អរណវិហារញ្ញាណ បញ្ញាដែលមានភាពស្ទាត់ជំនាញព្រោះហេតុប្រកបដោយកម្លាំងសមថៈ និងវិបស្សនាទាំង ២ ផង ព្រោះការរម្ងាប់នូវសង្ខារទាំង ៣ ផង ព្រោះញាណចរិយា ១៦ ផង ព្រោះសមាធិចរិយា ៩ ផង ឈ្មោះថា និរោធសមាបត្តិញ្ញាណ បញ្ញាក្នុងការបង្អស់នូវការប្រព្រឹត្តិទៅ (នៃកិលេស និងខន្ធ) របស់បុគ្គលអ្នកដឹងខ្លួន ឈ្មោះថា បរិនិព្វានញ្ញាណ បញ្ញាដែលមិនប្រាកដក្នុងការផ្តាច់ផ្តិលដោយប្រពៃ នូវធម៌ទាំងពួងផង ក្នុងការរំលត់ផង ឈ្មោះថា សមសីសដ្ឋញ្ញាណ បញ្ញាក្នុងការរំលត់នូវភ្លើងដ៏ក្រាស់ មានភាពផ្សេងៗ និងមានភាពតែមួយ ឈ្មោះថា សល្លេខដ្ឋញ្ញាណ បញ្ញាក្នុងការផ្គងរបស់បុគ្គលមានចិត្តមិនរួញរា និងបុគ្គលមានខ្លួនបញ្ជូនទៅហើយ ឈ្មោះថា វីរិយារម្ភញ្ញាណ បញ្ញាគឺការប្រកាសនូវធម៌ផ្សេងៗ ឈ្មោះថា អត្ថសន្ទស្សនញ្ញាណ បញ្ញាក្នុងត្រាស់ដឹងនូវការសង្រ្គោះធម៌ទាំងពួងឲ្យមានតែមួយ និងកិលេសមានភាពផ្សេងៗ ទាំងគុណធម៌មានសភាពតែមួយ ឈ្មោះថា ទស្សនវិសុទ្ធិញ្ញាណ
ID: 637358685623971908
ទៅកាន់ទំព័រ៖