ព្រះត្រៃបិដក ភាគ ៦៩
បញ្ញាព្រោះការដឹង ឈ្មោះថា ខន្តិញ្ញាណ បញ្ញាព្រោះការពាល់ត្រូវ ឈ្មោះថា បរិយោគាហនញ្ញាណ បញ្ញាក្នុងការប្រមូល ឈ្មោះថា បទេសវិហារញ្ញាណ បញ្ញាព្រោះភាពជាអធិបតី ឈ្មោះថា សញ្ញាវិវដ្ដញ្ញាណ បញ្ញាក្នុងភាពផ្សេងៗ ឈ្មោះថា ចេតោវិវដ្ដញ្ញាណ បញ្ញាក្នុងការអធិដ្ឋាន ឈ្មោះថា ចិត្តវិវដ្ដញ្ញាណ បញ្ញាក្នុងសភាវៈសូន្យ ឈ្មោះថា ញាណវិវដ្ដញ្ញាណ បញ្ញាក្នុងការលះបង់ ឈ្មោះថា វិមោក្ខវិវដ្ដញ្ញាណ បញ្ញាក្នុងសេចក្តីពិត ឈ្មោះថា សច្ចវិវដ្ដញ្ញាណ បញ្ញាក្នុងអត្ថថា សម្រេចដោយអំណាចនៃការអធិដ្ឋាននូវសុខសញ្ញា និងលហុសញ្ញា ព្រោះកំណត់នូវកាយ និងចិត្តថាតែមួយ ឈ្មោះថា ឥទ្ធិវិធញ្ញាណ បញ្ញាក្នុងការស្ទង់នូវសទ្ទនិមិត្តមានភាពផ្សេងៗ ទាំងមានភាពតែមួយ ដោយអំណាចនៃកិរិយាផ្សាយទៅនៃវិតក្កៈ ឈ្មោះថា សោតធាតុវិសុទ្ធិញ្ញាណ បញ្ញាក្នុងការស្ទង់នូវការត្រាប់ទៅនៃវិញ្ញាណ ដែលមានសភាពផ្សេងៗ ទាំងមានសភាពតែមួយ ដោយអំណាចនៃបសាទរបស់ឥន្រ្ទិយទាំងឡាយ ព្រោះផ្សាយទៅនៃចិត្តទាំង ៣ ឈ្មោះថា ចេតោបរិយញ្ញាណ បញ្ញាក្នុងការស្ទង់នូវពួកធម៌ដែលប្រព្រឹត្តទៅបានព្រោះបច្ច័យ ដោយអំណាចនៃកិរិយាផ្សាយទៅនៃកម្មដែលមានសភាពផ្សេងៗ គ្នា ទាំងមានសភាពតែមួយ ឈ្មោះថា បុព្វេនិវាសានុស្សតិញ្ញាណ
ID: 637358685929252662
ទៅកាន់ទំព័រ៖