ព្រះត្រៃបិដក ភាគ ៦៩
ធម៌ ៥ ដែលត្រូវលះ គឺនីវរណៈ ៥ ធម៌ ៦ ដែលត្រូវលះ គឺពួកតណ្ហា ៦ ធម៌ ៧ ដែលត្រូវលះ គឺអនុស័យ ៧ ធម៌ ៨ ដែលត្រូវលះ គឺមិច្ឆត្តៈ ៨ ធម៌ ៩ ដែលត្រូវលះ គឺឫសគល់តណ្ហា ៩ ធម៌ ១០ ដែលត្រូវលះ គឺមិច្ឆត្តៈ ១០។
[៦៥] បហាន (ការលះ) ២ យ៉ាង គឺ សមុច្ឆេទប្បហាន ១ បដិប្បស្សទ្ធិប្បហាន ១ ឯសមុច្ឆេទប្បហាន សម្រាប់បុគ្គលកាលចម្រើននូវខយគាមិមគ្គជាលោកុត្តរ បដិប្បស្សទ្ធិប្បហាន កើតក្នុងខណៈនៃផល។ បហាន ៣ យ៉ាង គឺ នេក្ខម្មៈ ដែលជាគ្រឿងរលាស់ចេញនូវកាមទាំងឡាយ ១ អារុប្បជ្ឈាន ដែលជាគ្រឿងរលាស់ចេញនូវរូបទាំងឡាយ ១ ធម្មជាតណាដែលកើតហើយ ត្រូវបច្ច័យតាក់តែង កើតឡើង ព្រោះអាស្រ័យបច្ច័យ ការរលត់ ការរលាស់ចោលនូវធម្មជាតនោះ ១ កាមទាំងឡាយ របស់បុគ្គលដែលបានចំពោះនូវនេក្ខម្មៈ ឈ្មោះថាជាកិលេសដែលលោកបន្សាត់ចោលផង លះចេញផង រូបទាំងឡាយរបស់បុគ្គលដែលបានចំពោះនូវអារុប្បជ្ឈាន ឈ្មោះថា ជាគុណដែលលោកបន្សាត់ចោលផង លះចេញផង សង្ខារទាំងឡាយរបស់បុគ្គលដែលបានចំពោះនូវនិរោធ ឈ្មោះថា ជាធម៌ដែលលោកបន្សាត់ចោលផង លះចេញផង។ បហាន ៤ យ៉ាង គឺ បុគ្គលកាលត្រាស់ដឹងនូវទុក្ខសច្ច ដែលជាបរិញ្ញាបដិវេធ ហើយលះបង់ ១
ID: 637358728648299371
ទៅកាន់ទំព័រ៖