ព្រះត្រៃបិដក ភាគ ៦៩
បុគ្គលកាលត្រាស់ដឹងនូវសមុទយសច្ច ដែលជាបហានប្បដិវេធ ហើយលះបង់ ១ បុគ្គលកាលត្រាស់ដឹងនូវនិរោធសច្ច ដែលជាសច្ឆិកិរិយាបដិវេធ ហើយលះបង់ ១ បុគ្គលកាលត្រាស់ដឹងនូវមគ្គសច្ច ដែលជាភាវនាបដិវេធ ហើយលះបង់ ១។ បហាន ៥ យ៉ាង គឺ វិក្ខម្ភនប្បហាន ១ តទង្គប្បហាន ១ សមុច្ឆេទប្បហាន ១ បដិប្បស្សទ្ធិប្បហាន ១ និស្សរណប្បហាន ១ ឯវិក្ខម្ភនប្បហាន សម្រាប់បុគ្គលចម្រើននូវធម៌ជាគ្រឿងដុតបំផ្លាញនូវនីវរណៈទាំងឡាយជាបឋម តទង្គប្បហាន សម្រាប់បុគ្គលចម្រើននូវសមាធិ ជាចំណែកនៃការទំលុះទំលាយនូវទិដ្ឋិទាំងឡាយ សមុច្ឆេទប្បហាន សម្រាប់បុគ្គលចម្រើននូវខយគាមិមគ្គជាលោកុត្តរៈ បដិប្បស្សទ្ធិប្បហាន កើតឡើងក្នុងខណៈនៃផល និស្សរណប្បហាន គឺ ព្រះនិព្វានជាគ្រឿងរលត់ទុក្ខ។
[៦៦] ម្នាលភិក្ខុទាំងឡាយ អាយតនៈទាំងពួង បុគ្គលត្រូវលះ ម្នាលភិក្ខុទាំងឡាយ ចុះអាយតនៈទាំងពួង ដែលបុគ្គលត្រូវលះ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ ចក្ខុត្រូវលះ រូបត្រូវលះ ចក្ខុវិញ្ញាណត្រូវលះ ចក្ខុសម្ផស្សត្រូវលះ ការទទួលអារម្មណ៍ណា ទោះជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើងព្រោះចក្ខុសម្ផស្សជាបច្ច័យ ការទទួលអារម្មណ៍នោះឯង ក៏ត្រូវលះ សោតៈត្រូវលះ សទ្ទៈត្រូវលះ។បេ។
ID: 637358728976779396
ទៅកាន់ទំព័រ៖