ព្រះត្រៃបិដក ភាគ ៦៩

ឃានៈ​ត្រូវ​លះ គន្ធៈ​ត្រូវ​លះ ជិវ្ហា​ត្រូវ​លះ រស​ត្រូវ​លះ​ កាយ​ត្រូវ​លះ ផោដ្ឋព្វៈ​ត្រូវ​លះ មនៈ​ត្រូវ​លះ ធម្មារម្មណ៍​ត្រូវ​លះ មនោវិញ្ញាណ​ត្រូវ​លះ​ មនោ​សម្ផស្ស​ត្រូវ​លះ ការ​ទទួលអារម្មណ៍​ណា ទោះជា​សុខ​ក្តី ជា​ទុក្ខ​ក្តី មិនជា​ទុក្ខ​មិនជា​សុខ​ក្តី​ ដែល​កើតឡើង ព្រោះ​មនោ​សម្ផស្ស​ជា​បច្ច័យ ការ​ទទួលអារម្មណ៍​នោះ​ឯង ក៏​ត្រូវ​លះ​ចេញ។
 បុគ្គល​កាល​ឃើញ​នូវ​រូប រមែង​លះបង់​(១) កាល​ឃើញ​នូវ​វេទនា​ រមែង​លះបង់ កាល​ឃើញ​នូវ​សញ្ញា រមែង​លះបង់ កាល​ឃើញ​នូវ​សង្ខារ​ទាំងឡាយ រមែង​លះបង់​ កាល​ឃើញ​នូវ​វិញ្ញាណ រមែង​លះបង់ នូវ​ចក្ខុ។បេ។ នូវ​ជរា និង​មរណៈ កាល​ឃើញ​នូវ​និព្វាន​ ឈ្មោះ​អមតៈ​ជាទី​ពំនាក់​ (របស់​ពួក​សត្វ​) ដោយ​អត្ថ​ថា​ចប់ស្រេច​ (នៃ​សាសនា​) រមែង​លះបង់ ធម៌​ទាំង​ឡាយ​ណាៗ ដែល​បុគ្គល​បាន​បន្សាត់​ហើយ​ ធម៌​ទាំងនោះ ឈ្មោះថា បុគ្គល​លះ​ចេញ​ហើយ ឈ្មោះថា​ញាណ​ដោយ​អត្ថ​ថា ដឹង​នូវ​ធម៌​នោះ​ ឈ្មោះថា​បញ្ញា ដោយ​អត្ថ​ថា ជា​គ្រឿង​ដឹង​ច្បាស់​នូវ​ធម៌​នោះ ហេតុ​នោះ ទើប​លោក​ពោល​ថា ការ​ប្រុង​ត្រចៀក​ថា​ ធម៌​ទាំងឡាយ​នេះ បុគ្គល​ត្រូវ​លះ បញ្ញា​ជា​គ្រឿង​ដឹង​ច្បាស់​នូវ​ការ​ប្រុង​ត្រចៀក​នោះ​ ឈ្មោះថា សុត​មយ​ញ្ញាណ។

ចប់ តតិយ​ភាណវារៈ ។


(១) បុគ្គល កាល​ឃើញ​រូប​ថា មិន​ទៀង ជាដើម រមែង​លះកិលេស​ចេញ​បាន។ អដ្ឋកថា។
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 637358729592484490
ទៅកាន់ទំព័រ៖