ព្រះត្រៃបិដក ភាគ ៦៩
ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះសេចក្តីប្រកាន់មាំ និងការប្រកាន់ស្អិតថាមានខ្លឹម ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចអធិប្បញ្ញា និងធម្មវិបស្សនា រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះសេចក្តីប្រកាន់ដោយការវង្វេងខ្លាំង ធម៌ទាំងឡាយដែលកើតហើយដោយអំណាចយថាភូតញ្ញាណទស្សនៈ រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះសេចក្តីប្រកាន់ដោយអាល័យ ធម៌ទាំងឡាយដែលកើតហើយដោយអំណាចអាទីនវានុបស្សនា រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ កាលបុគ្គលលះការមិនពិចារណា ធម៌ទាំងឡាយដែលកើតហើយ ដោយអំណាចបដិសង្ខានុបស្សនា រមែងមិនប្រព្រឹត្តកន្លងនូវគ្នានិងគ្នា ហេតុនោះ ទើបឈ្មោះថាភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងភាវនាវិសេសនោះ
ID: 637358760835592813
ទៅកាន់ទំព័រ៖