ព្រះត្រៃបិដក ភាគ ៦៩
[៧៨] ម្នាលភិក្ខុទាំងឡាយ អាយតនៈទាំងពួង បុគ្គលត្រូវធ្វើឲ្យជាក់ច្បាស់ ម្នាលភិក្ខុទាំងឡាយ ចុះអាយតនៈទាំងពួងដែលបុគ្គលត្រូវធ្វើឲ្យជាក់ច្បាស់ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ ចក្ខុ បុគ្គលត្រូវធ្វើឲ្យជាក់ច្បាស់ រូប ត្រូវធ្វើឲ្យជាក់ច្បាស់ ចក្ខុវិញ្ញាណ ត្រូវធ្វើឲ្យជាក់ច្បាស់ ចក្ខុសម្ផ័ស្សត្រូវធ្វើឲ្យជាក់ច្បាស់ ការទទួលអារម្មណ៍ណា ទោះជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី រមែងកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ការទទួលអារម្មណ៍នោះឯង បុគ្គលត្រូវធ្វើឲ្យជាក់ច្បាស់ សោតៈ ត្រូវធ្វើឲ្យជាក់ច្បាស់ សទ្ទៈ ត្រូវធ្វើឲ្យជាក់ច្បាស់។បេ។ ឃានៈត្រូវធ្វើឲ្យជាក់ច្បាស់ គន្ធៈ ត្រូវធ្វើឲ្យជាក់ច្បាស់ ជិវ្ហា ត្រូវធ្វើឲ្យជាក់ច្បាស់ រសៈ ត្រូវធ្វើឲ្យជាក់ច្បាស់ កាយ ត្រូវធ្វើឲ្យជាក់ច្បាស់ ផោដ្ឋព្វៈ ត្រូវធ្វើឲ្យជាក់ច្បាស់ មនៈ ត្រូវធ្វើឲ្យជាក់ច្បាស់ ធម្មារម្មណ៍ ត្រូវធ្វើឲ្យជាក់ច្បាស់ មនោវិញ្ញាណ ត្រូវធ្វើឲ្យជាក់ច្បាស់ មនោសម្ផ័ស្ស ត្រូវធ្វើឲ្យជាក់ច្បាស់ ការទទួលអារម្មណ៍ណា ទោះជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តីរមែងកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ ការទទួលអារម្មណ៍នោះឯង ត្រូវធ្វើឲ្យជាក់ច្បាស់។
បុគ្គលកាលឃើញរូប រមែងធ្វើឲ្យជាក់ច្បាស់ កាលឃើញវេទនា រមែងធ្វើឲ្យជាក់ច្បាស់ កាលឃើញសញ្ញា រមែងធ្វើឲ្យជាក់ច្បាស់
ID: 637358762679425909
ទៅកាន់ទំព័រ៖