ព្រះត្រៃបិដក ភាគ ៦៩
បញ្ញាជាគ្រឿងដឹងច្បាស់ នូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ តើដូចម្តេច។
បណ្តាអរិយសច្ចទាំងនោះ ទុក្ខអរិយសច្ច តើដូចម្តេច ជាតិក៏ជាទុក្ខ ជរាក៏ជាទុក្ខ មរណៈក៏ជាទុក្ខ ការសោក ការខ្សឹកខ្សួល ការលំបាកកាយ ការអាក់អន់ចិត្ត ការចង្អៀតចង្អល់ចិត្ត ក៏សុទ្ធតែជាទុក្ខ ការភប់ប្រសព្វដោយពួកសត្វ និងសង្ខារមិនជាទីស្រឡាញ់ក៏ជាទុក្ខ ការព្រាត់ប្រាសចាកពួកសត្វ និងសង្ខារជាទីស្រឡាញ់ក៏ជាទុក្ខ ចង់បានរបស់ណា មិនបាន ការមិនបាននោះក៏ជាទុក្ខ បើពោលដោយបំព្រួញ ឧបាទានក្ខន្ធទាំង ៥ ក៏ជាទុក្ខ។
បណ្តាធម៌ទាំងនោះ ជាតិ តើដូចម្តេច។ ការកើត ការកើតព្រម ការចុះកាន់គក៌ ការចំរើនឡើង ការកើតចំពោះ ការកើតប្រាកដឡើងនៃខន្ធទាំងឡាយ ការបានចំពោះនូវអាយតនៈណា នៃពួកសត្វនោះៗ ក្នុងសត្តនិកាយនោះៗ នេះហៅថា ជាតិ។
បណ្តាធម៌ទាំងនោះ ជរា តើដូចម្តេច។ ជរា ការគ្រាំគ្រា ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រួញជ្រីវ ការរួញថយអាយុ ការចាស់នៃឥន្ទ្រិយណា នៃពួកសត្វនោះៗ ក្នុងសត្តនិកាយនោះៗ នេះ ហៅថា ជរា។
ID: 637358764720314674
ទៅកាន់ទំព័រ៖