ព្រះត្រៃបិដក ភាគ ៦៩
បណ្តាធម៌ទាំងនោះ ការខ្សឹកខ្សួល តើដូចម្តេច។ សេចក្តីខ្សឹកខ្សួល ការអណ្តឺតអណ្តក អាការៈជាទីខ្សឹកខ្សួល អាការៈជាទីអណ្តឺតអណ្តក ភាពនៃសេចក្តីខ្សឹកខ្សួល ភាពនៃសេចក្តីអណ្តឺតអណ្តក ការពោលរៀបរាប់ដោយវាចា ការពោលរៀបរាប់ដដែលៗ ការទួញយំ អាការៈជាទីទួញយំ ភាពនៃការទួញយំ របស់បុគ្គលដែលត្រូវសេចក្តីវិនាសចាកញាតិប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសចាកភោគៈប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសគឺរោគប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសចាកសីលប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសនៃទិដ្ឋិប៉ះពាល់ក្តី ឬប្រកបដោយសេចក្តីវិនាសណាមួយ ឬក៏ត្រូវទុក្ខធម៌ណាមួយប៉ះពាល់ នេះហៅថា ការខ្សឹកខ្សួល។
បណ្តាធម៌ទាំងនោះ សេចក្តីទុក្ខ តើដូចម្តេច។ សេចក្តីមិនសប្បាយកាយ សេចក្តីលំបាកកាយ ការទទួលរងមិនសប្បាយ ជាទុក្ខដែលកើតអំពីកាយសម្ផ័ស្ស អាការទទួលរងមិនសប្បាយ ជាទុក្ខ ដែលកើតអំពីកាយសម្ផ័ស្សណា នេះហៅថា ទុក្ខ។
បណ្តាធម៌ទាំងនោះ ទោមនស្ស តើដូចមេ្តច។ សេចក្តីមិនសប្បយចិត្ត ការលំបាកចិត្ត ការទទួលរងមិនសប្បាយ ជាទុក្ខ ដែលកើតអំពីមនោសម្ផ័ស្ស អាការទទួលរងមិនសប្បាយ ជាទុក្ខ ដែលកើតអំពីមនោសម្ផ័ស្សណា នេះហៅថា ទោមនស្ស។
ID: 637358765464786097
ទៅកាន់ទំព័រ៖