ព្រះត្រៃបិដក ភាគ ៦៩
តែងមានសេចក្តីប្រាថ្នាកើតឡើងយ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ សូមឲ្យយើងទាំងឡាយកុំមានសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ការចង្អៀតចង្អល់ ឬថា សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ការចង្អៀតចង្អល់មិនគប្បីមកដល់យើងទាំងឡាយឡើយ ដំណើរនុ៎ះ ពួកសត្វមិនគប្បីសម្រេចបានតាមប្រាថ្នាឡើយ នេះឯង ឈ្មោះថា បុគ្គលប្រាថ្នារបស់ណាមិនបាន ការដែលគេប្រាថ្នារបស់នោះ មិនបាននោះ នាំមកនូវទុក្ខ។
បណ្តាធម៌ទាំងនោះ បើដោយសេចក្តីបំព្រួញ ឧបាទានក្ខន្ធទាំង ៥ នាំមកនូវទុក្ខ តើដូចម្តេច។ រូបូបាទានក្ខន្ធ ១ វេទនូបាទានក្ខន្ធ ១ សញ្ញូបាទានក្ខន្ធ ១ សង្ខារូបាទានក្ខន្ធ ១ វិញ្ញាណូបាទានក្ខន្ធ ១ ទាំងនេះឈ្មោះថា ឧបាទានក្ខន្ធទាំង ៥ នាំមកនូវទុក្ខ ដោយសេចក្តីបំព្រួញ នេះ លោកហៅថា ទុក្ខអរិយសច្ច។
[៨៣] បណ្តាអរិយសច្ចទាំងនោះ ទុក្ខសមុទយអរិយសច្ច តើដូចម្តេច។ តណ្ហាណា ជាកិលេសជាតិ នាំសត្វឲ្យកើតក្នុងភពថ្មីទៀត ប្រកបដោយនន្ទិរាគ ត្រេកត្រអាលក្នុងអារម្មណ៍នោះៗ គឺកាមតណ្ហា ១ ភវតណ្ហា ១ វិភវតណ្ហា ១ តណ្ហានោះឯង កាលកើតឡើង តើកើតឡើងក្នុងអារម្មណ៍ណា កាលជាប់នៅ តើជាប់នៅក្នុងអារម្មណ៍ណា អារម្មណ៍ណាមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលកើតឡើង ក៏កើតឡើងក្នុងអារម្មណ៍នុ៎ះ
ID: 637358766757922264
ទៅកាន់ទំព័រ៖