ព្រះត្រៃបិដក ភាគ ៦៩
ធម្មវិតក្កៈក្នុងលោក រូបវិចារៈក្នុងលោក។បេ។ ធម្មវិចារៈ មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលកើតឡើង ក៏កើតឡើងក្នុងសទ្ទារម្មណ៍ជាដើមនុ៎ះ កាលជាប់នៅ ក៏ជាប់នៅក្នុងសទ្ទារម្មណ៍ជាដើមនុ៎ះ នេះ លោកហៅថា ទុក្ខសមុទយអរិយសច្ច។
[៨៤] បណ្តាអរិយសច្ចទាំងនោះ ទុក្ខនិរោធអរិយសច្ច តើដូចម្តេច។ ការរលត់ដោយអរិយមគ្គឥតសេសសល់ ការលះបង់ ការរលាស់ចេញ ការរួចស្រឡះ សេចក្តីមិនមានអាល័យ នៃតណ្ហានោះ ឯណា ក៏តណ្ហានោះឯង កាលបុគ្គលលះបង់ តើលះបង់ក្នុងអារម្មណ៍ណា ការរលត់ទៅ តើរលត់ទៅក្នុងអារម្មណ៍ណា អារម្មណ៍ណា មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងអារម្មណ៍នុ៎ះ កាលរលត់ទៅ រមែងរលត់ទៅក្នុងអារម្មណ៍នុ៎ះ ចក្ខុមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងចក្ខុនុ៎ះ កាលរលត់ទៅរមែងរលត់ទៅក្នុងចក្ខុនុ៎ះ សោតៈក្នុងលោក។បេ។ ធម្មវិចារៈ មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលបុគ្គលលះបង់ រមែងលះបង់ក្នុងសោតៈជាដើមនុ៎ះ កាលរលត់ទៅ រមែងរលត់ទៅក្នុងសោតៈជាដើមនុ៎ះ នេះ លោកហៅថា ទុក្ខនិរោធអរិយសច្ច។
ID: 637358767372221061
ទៅកាន់ទំព័រ៖