ព្រះត្រៃបិដក ភាគ ៦៩
ចេតនាជាហេតុវៀរចាកកាមេសុមិច្ឆាចារ នេះ លោកហៅថា សម្មាកម្មន្តៈ។
បណ្តាអរិយមគ្គទាំងនោះ សម្មាអាជីវៈ តើដូចម្តេច។ អរិយសាវ័កក្នុងសាសនានេះ លះបង់ការចិញ្ចឹមជីវិតខុស សម្រេចនូវការចិញ្ចឹមជីវិតដោយការចិញ្ចឹមជីវិតត្រូវ នេះលោកហៅថា សម្មាអាជីវៈ។
បណ្តាអរិយមគ្គទាំងនោះ សម្មាវាយាមៈ តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ រមែងបង្កើតឆន្ទៈ ប្រឹងប្រែងប្រារព្ធព្យាយាម ផ្គងតំកល់ចិត្ត ដើម្បីញ៉ាំងពួកអកុសលធម៌ដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន ដើម្បីលះបង់នូវពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ។បេ។ ដើម្បីញ៉ាំងពួកកុសលធម៌ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង។បេ។ ភិក្ខុ រមែងបង្កើតឆន្ទៈ ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គង តំកល់ចិត្ត ដើម្បីឋិតនៅ ដើម្បីមិនឲ្យវិនាស ដើម្បីឲ្យចម្រើនក្រៃលែង ដើម្បីធំទូលាយ ដើម្បីចម្រើន ដើម្បីបំពេញនូវពួកកុសលធម៌ ដែលកើតឡើងហើយ នេះលោកហៅថា សម្មាវាយាមៈ។
បណ្តាអរិយមគ្គទាំងនោះ សម្មាសតិ តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណាឃើញរឿយៗ នូវកាយក្នុងកាយជាប្រក្រតី មានព្យាយាមជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក ក្នុងវេទនាទាំងឡាយ
ID: 637358768317499766
ទៅកាន់ទំព័រ៖