ព្រះត្រៃបិដក ភាគ ៦៩
បរិបុណ្ណបារិសុទ្ធិសីល តើដូចម្តេច។ សីលរបស់កល្យាណបុថុជ្ជនទាំងឡាយ ដែលប្រកបក្នុងកុសលធម៌ ជាអ្នកបំពេញក្នុងអសេក្ខបរិយន្តសីល មិនស្តាយកាយ និងជីវិត ជាអ្នកមានជីវិតលះបង់ហើយ នេះឈ្មោះថា បរិបុណ្ណបារិសុទ្ធិសីល។
អបរាមដ្ឋបារិសុទ្ធិសីល តើដូចម្តេច។ សីលរបស់សេក្ខបុគ្គល ៧ ពួក នេះឈ្មោះថា អបរាមដ្ឋបារិសុទ្ធិសីល។
បដិប្បស្សទ្ធិបារិសុទ្ធិសីល តើដូចម្តេច។ សីលរបស់ព្រះខីណាស្រព ជាសាវ័កនៃព្រះតថាគត របស់ព្រះបច្ចេកពុទ្ធ របស់ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ នេះឈ្មោះថា បដិប្បស្សទ្ធិបារិសុទ្ធិសីល។
[៨៧] សីលមានទីបំផុតក៏មាន សីលមិនមានទីបំផុតក៏មាន។ បណ្តាសីលទាំង ២ យ៉ាងនោះ សីលមានទីបំផុតនោះ តើដូចម្តេច។ សីលមានលាភជាទីបំផុតក៏មាន សីលមានយសជាទីបំផុតក៏មាន សីលមានញាតិជាទីបំផុតក៏មាន សីលមានអវយវៈជាទីបំផុតក៏មាន សីលមានជីវិតជាទីបំផុតក៏មាន។
សីលមានលាភជាទីបំផុតនោះ តើដូចម្តេច។ បុគ្គលខ្លះក្នុងលោកនេះ ប្រព្រឹត្តកន្លងនូវសិក្ខាបទ ដែលខ្លួនសមាទានហើយ ព្រោះហេតុនៃលាភ ព្រោះលាភជាបច្ច័យ ព្រោះលាភ ជាហេតុ នេះឈ្មោះថា សីលមានលាភជាទីបំផុត។
ID: 637358769639545490
ទៅកាន់ទំព័រ៖