ព្រះត្រៃបិដក ភាគ ៦៩

កាល​ពិចារណា​ឃើញច្បាស់​ទើប​សិក្សា កាល​តាំងចិត្ត​ទុក ទើប​សិក្សា​ កាល​ចុះចិត្តស៊ប់​ដោយ​សទ្ធា​ទើប​សិក្សា កាល​ផ្គង​ទុក​នូវ​សេចក្តី​ព្យាយាម​ទើប​សិក្សា​ កាល​ប្រុងស្មារតី​ទើប​សិក្សា កាល​តម្កល់ចិត្ត​ទុក​ដោយ​ប្រពៃ​ទើប​សិក្សា កាល​ដឹង​ដោយ​បញ្ញា​ទើប​សិក្សា​ កាល​ដឹង​ចំពោះ​នូវ​ធម៌​ដែល​គប្បី​ដឹង​ចំពោះ​ទើប​សិក្សា កាលកំណត់​ដឹង​នូវ​ទុក្ខសច្ច ដែល​គប្បី​កំណត់​ដឹង​ទើប​សិក្សា​ កាល​លះបង់​នូវ​សមុទយសច្ច ដែល​គួរ​លះបង់​ទើប​សិក្សា កាល​ចម្រើន​នូវ​មគ្គសច្ច ដែល​គប្បី​ចម្រើន​ទើប​សិក្សា​ កាល​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​និរោធ​សច្ច ដែល​គប្បី​ធ្វើឲ្យ​ជាក់ច្បាស់​ទើប​សិក្សា ដែល​ឈ្មោះថា​ញាណ​ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ ឈ្មោះថា​បញ្ញា ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ ហេតុ​នោះ​ លោក​ហៅថា បញ្ញា​ក្នុង​ការ​ស្តាប់​ហើយ​សង្រួម ឈ្មោះថា សីល​មយ​ញ្ញាណ។
 [៩២​] បញ្ញា​ក្នុង​ការ​សង្រួម​ហើយ​តម្កល់ទុក​ ឈ្មោះថា​សមាធិ​ភាវនា​មយ​ញ្ញាណ តើ​ដូចម្តេច សមាធិ ១ គឺ​ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ។ សមាធិ ២ គឺ​លោកិយ​សមាធិ ១ លោកុត្តរ​សមាធិ ១។ សមាធិ ៣ គឺ​សមាធិ​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ ១ សមាធិ​ដែល​មិន​មាន​វិតក្កៈ មានតែ​វិចារៈ ១ សមាធិ​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ១។ សមាធិ ៤ គឺ​សមាធិ​គប់​រក​នូវ​សេចក្តី​សាបសូន្យ ១ សមាធិ​គប់​រក​នូវ​ការតាំងនៅ ១ សមាធិ​គប់​រក​នូវ​គុណវិសេស ១ សមាធិ​គប់​រក​នូវ​ការ​ទំ​លាយ​កិលេស ១។
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 637361181187693478
ទៅកាន់ទំព័រ៖