ព្រះត្រៃបិដក ភាគ ៦៩
កាមរាគសញ្ញោជនៈ និងបដិឃសញ្ញោជនៈដ៏ល្អិត ចាកកាមរាគានុស័យ និងបដិឃានុស័យដ៏ល្អិត ចេញចាកកិលេសដែលប្រព្រឹត្តិទៅតាមនូវសញ្ញោជនៈ និងអនុស័យនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង សម្មាសមាធិ រមែងកើតឡើង ព្រោះការរម្ងាប់នូវព្យាយាមក្នុងការចេញនោះ នុ៎ះជាផលរបស់មគ្គ។
[១៥១] ក្នុងខណៈនៃអរហត្តមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងចេញចាករូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ ថីនមិទ្ធៈ អវិជ្ជា ភវរាគានុស័យ មានានុស័យ និងអវិជ្ជានុស័យ ចេញចាកកិលេសដែលប្រព្រឹត្តិទៅតាមនូវសញ្ញោជនៈ និងអនុស័យនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង សម្មាសមាធិ រមែងកើតឡើងព្រោះការរម្ងាប់នូវព្យាយាមក្នុងការចេញនោះ នុ៎ះជាផលរបស់មគ្គ ដែលឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាសម្រាប់រម្ងាប់នូវព្យាយាមឈ្មោះថាផលញាណ។
[១៥២] បញ្ញាក្នុងការឃើញនូវកិលេសដែលដាច់ ឈ្មោះថាវិមុត្តិញ្ញាណ តើដូចម្តេច។ ពួកឧបក្កិលេសនៃចិត្តរបស់ខ្លួន គឺសក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាសៈ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ លោកផ្តាច់បង់ប្រពៃហើយដោយសោតាបត្តិមគ្គ
ID: 637361225220583548
ទៅកាន់ទំព័រ៖