ព្រះត្រៃបិដក ភាគ ៦៩
[២៣៦] ពាក្យថា ផូរផង់ សេចក្ដីថា កាមច្ឆន្ទៈ ឈ្មោះថាមិនផូរផង់ នេក្ខម្មៈ ឈ្មោះថាផូរផង់ ព្យាបាទៈ ឈ្មោះថាមិនផូរផង់ ថីនមិទ្ធៈ ឈ្មោះថាមិនផូរផង់ អាលោកសញ្ញា ឈ្មោះថាផូរផង់ ឧទ្ធច្ចៈ ឈ្មោះថាមិនផូរផង់ អវិក្ខេបៈ ឈ្មោះថាផូរផង់ វិចិកិច្ឆា ឈ្មោះថាមិនផូរផង់ ធម្មវវត្ថានៈ ឈ្មោះថាផូរផង់ អវិជ្ជា ឈ្មោះថាមិនផូរផង់ ញាណ ឈ្មោះថាផូរផង់ អរតិ ឈ្មោះថាមិនផូរផង់ បាមុជ្ជៈ ឈ្មោះថាផូរផង់ នីវរណៈ ឈ្មោះថាមិនផូរផង់ បឋមជ្ឈាន ឈ្មោះថាផូរផង់។បេ។ កិលេសទាំងពួង ឈ្មោះថាមិនផូរផង់ អរហត្តមគ្គ ឈ្មោះថាផូរផង់ ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការរំលត់ភ្លើងដ៏ក្រាស់ មានភាពផ្សេងៗ និងមានភាពតែមួយ ឈ្មោះថាសល្លេខដ្ឋញ្ញាណ។
[២៣៧] បញ្ញាក្នុងការផ្គង របស់បុគ្គលមានចិត្តមិនរួញរា និងបុគ្គលមានខ្លួនបញ្ជូនទៅហើយ ឈ្មោះថា វីរិយារម្ភញ្ញាណ តើដូចម្ដេច។ បញ្ញាក្នុងការផ្គង របស់បុគ្គលមានចិត្តមិនរួញរា និងបុគ្គលមានខ្លួនបញ្ជូនទៅហើយ ដើម្បីមិនឲ្យកើតនូវអកុសលធម៌ដ៏លាមក ដែលមិនទាន់កើត ឈ្មោះថាវីរិយារម្ភញ្ញាណ បញ្ញាក្នុងការផ្គង របស់បុគ្គលមានចិត្តមិនរួញរា និងបុគ្គលមានខ្លួនបញ្ជូនទៅហើយ ដើម្បីលះបង់នូវអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ ឈ្មោះថា វីរិយារម្ភញ្ញាណ
ID: 637361451715540525
ទៅកាន់ទំព័រ៖