ព្រះត្រៃបិដក ភាគ ៦៩
ទៅទាំងភ្នែនឰដ៏អាកាសក៏បាន ដូចជាសត្វស្លាប អាចចាប់ស្ទាបអង្អែលព្រះចន្ទនិងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ ដែលមានអានុភាពច្រើនយ៉ាងនេះក៏បាន ញុំាងអំណាចឲ្យប្រព្រឹត្តទៅដោយកាយរហូតទៅទល់នឹងព្រហ្មលោកក៏បាន ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងអត្ថថាសម្រេច ដោយអំណាចនៃការអធិដ្ឋាននូវសុខសញ្ញា និងលហុសញ្ញា ព្រោះការកំណត់នូវកាយ និងចិត្តថាតែមួយ ឈ្មោះថាឥទ្ធិវិធញ្ញាណ។
[២៥៤] បញ្ញាក្នុងការស្ទង់នូវសទ្ទនិមិត្ត មានភាពផ្សេងគ្នា និងមានភាពតែមួយ ដោយអំណាចនៃការផ្សាយទៅនៃវិតក្កៈ ឈ្មោះថាសោតធាតុវិសុទ្ធិញ្ញាណ តើដូចម្ដេច។ ភិក្ខុក្នុងសាសនានេះ ចម្រើននូវឥទ្ធិបាទដែលប្រកបដោយឆន្ទសមាធិ វីរិយសមាធិ ចិត្តសមាធិ វីមំសាសមាធិ និងបធានសង្ខារ ភិក្ខុនោះ អប់រំ បង្វឹកចិត្ត ធ្វើចិត្តឲ្យទន់ គួរដល់កម្មក្នុងឥទ្ធិបាទទាំង ៤ នេះ ភិក្ខុនោះ លុះអប់រំ បង្វឹកចិត្ត ធ្វើចិត្តឲ្យទន់ គួរដល់កម្មក្នុងឥទ្ធិបាទទាំង ៤ នេះហើយ រមែងធ្វើទុកក្នុងចិត្តនូវសទ្ទនិមិត្តនៃសំឡេងក្នុងទីឆ្ងាយក៏បាន ធ្វើទុកក្នុងចិត្តនូវសទ្ទនិមិត្តនៃសំឡេង ក្នុងទីជិតក៏បាន
ID: 637361469519565012
ទៅកាន់ទំព័រ៖