ព្រះត្រៃបិដក ភាគ ៦៩

ភិក្ខុ​នោះ​រមែង​ស្ដាប់ឮ​នូវ​សំឡេង​ ២ យ៉ាង​ គឺ​សំឡេង​ជា​ទិព្វ​ ១ សំឡេង​ជា​របស់​មនុស្ស​ ១ ទាំង​ឆ្ងាយ​ទាំង​ជិត ដោយ​សោត​ធាតុ​ដូចជា​ទិព្វ​ដ៏​ស្អាត​ កន្លង​នូវ​សោត​ធាតុ​នៃ​មនុស្ស​ (សាមញ្ញ​) ឈ្មោះថា​ញាណ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ​ ឈ្មោះថា​បញ្ញា ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ​ ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​ការ​ស្ទង់​នូវ​សទ្ទ​និមិត្ត​មាន​ភាព​ផ្សេង​ៗ និង​មាន​ភាព​តែមួយ ដោយអំណាច​នៃ​ការផ្សាយ​នូវ​វិតក្កៈ​ ឈ្មោះ​ថា​សោត​ធាតុ​វិសុទ្ធិ​ញ្ញាណ។
 [២៥៥​] បញ្ញា​ក្នុង​ការ​ស្ទង់​នូវ​ការ​ត្រាច់​ទៅ​នៃ​វិញ្ញាណ មាន​ភាព​ផ្សេង​ៗ និង​មាន​ភាព​តែមួយ​ ដោយអំណាច​នៃ​បសាទ របស់​ឥន្រ្ទិយ​ទាំងឡាយ ព្រោះ​ផ្សាយ​ទៅ​នៃ​ចិត្ត​ទាំង​ ៣(១) ឈ្មោះថា​ចេ​តោ​បរិ​យញ្ញា​ណ តើ​ដូចម្ដេច។ ភិក្ខុ​ក្នុង​សាសនា​នេះ​ ចម្រើន​នូវ​ឥទ្ធិបាទ​ដែល​ប្រកបដោយ​ឆន្ទ​សមាធិ​ និង​បធាន​សង្ខារ ចម្រើន​នូវ​ឥទ្ធិបាទ​ដែល​ប្រកប​ដោយ​វីរិយ​សមាធិ។បេ។ ចិត្ត​សមាធិ។បេ។ វីមំសា​សមាធិ​ និង​បធាន​សង្ខារ ភិក្ខុ​នោះ អប់រំ បង្វឹក​ចិត្ត ធ្វើ​ចិត្ត​ឲ្យ​ទន់ គួរ​ដល់​កម្ម​ក្នុង​ឥទ្ធិបាទ​ទាំង​ ៤ នេះ ភិក្ខុ​នោះ លុះ​អប់រំ បង្វឹក​ចិត្ត ធ្វើ​ចិត្ត​ឲ្យ​ទន់​គួរ​ដល់​កម្ម ក្នុង​ឥទ្ធិបាទ​ទាំង​ ៤ នេះ​ហើយ រមែង​ដឹង​យ៉ាងនេះ​ថា​
(១) សោមនស្ស​ ទោមនស្ស ឧបេក្ខា។ អដ្ឋកថា។
ថយ | ទំព័រទី ២៥៥ | បន្ទាប់
ID: 637361470309198507
ទៅកាន់ទំព័រ៖