ព្រះត្រៃបិដក ភាគ ៦៩

 [៥៥​] ពួក​ធម៌​ណាៗ ដែល​បុគ្គល​ចេះ​ប្រាកដហើយ​ ​ពួក​ធម៌​នោះ​ៗ ឈ្មោះថា បុគ្គល​ដឹង​ហើយ ឈ្មោះថា​ញាណ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ​ ឈ្មោះថា​បញ្ញា ដោយ​អត្ថ​ថា​ជា​គ្រឿង​ដឹងសព្វ​នូវ​ធម៌​នោះ ហេតុ​នោះ លោក​ពោល​ថា ការ​ប្រុង​ត្រចៀក​ថា​ ​ពួក​ធម៌​នេះ បុគ្គល​ត្រូវ​ដឹង​ច្បាស់ បញ្ញា​ជា​គ្រឿង​ដឹង​នូវ​ការ​ប្រុង​ត្រចៀក​នោះ​ ឈ្មោះថា សុត​មយ​ញ្ញាណ។

ចប់ ទុតិយ​ភាណវារៈ។


 [៥៦​] ការ​ប្រុង​ត្រចៀក​ថា​ ធម៌​ទាំងឡាយ​នេះ បុគ្គល​ត្រូវ​កំណត់​ដឹង បញ្ញា​ជា​គ្រឿង​ដឹង​នូវ​ការ​ប្រុង​ត្រចៀក​នោះ​ ឈ្មោះថា សុត​មយ​ញ្ញាណ តើ​ដូចម្តេច ធម៌ ១ បុគ្គល​ត្រូវ​កំណត់​ដឹង គឺ​ផស្សៈ​ប្រកបដោយ​អាសវៈ​ ដែល​ជា​ប្រយោជន៍​ដល់​ឧបាទាន ពួក​ធម៌ ២ ត្រូវ​កំណត់​ដឹង​គឺ​នាម ១ រូប ១ ពួក​ធម៌ ៣ ត្រូវ​កំណត់​ដឹង គឺ​វេទនា ៣ ពួក​ធម៌ ៤ ត្រូវ​កំណត់​ដឹង គឺ​អាហារ ៤ ពួក​ធម៌ ៥ ត្រូវ​កំណត់​ដឹង​ គឺ​ឧបាទានក្ខន្ធ ៥ ពួក​ធម៌ ៦ ត្រូវ​កំណត់​ដឹង គឺ​អាយតនៈ​ខាងក្នុង ៦ ពួក​ធម៌ ៧ ត្រូវ​កំណត់​ដឹង គឺ​វិញ្ញា​ណដ្ឋិ​តិ ៧ ពួក​ធម៌ ៨ ត្រូវ​កំណត់​ដឹង គឺ​លោកធម៌ ៨ ពួក​ធម៌ ៩ ត្រូវ​កំណត់​ដឹង គឺ​សត្តា​វាស ៩ ពួក​ធម៌ ១០ ត្រូវ​កំណត់​ដឹង គឺ​អាយតនៈ ១០។
ថយ | ទំព័រទី ៤៩ | បន្ទាប់
ID: 637358725652286389
ទៅកាន់ទំព័រ៖