ព្រះត្រៃបិដក ភាគ ៦៩
កាលឃើញព្រះនិព្វានឈ្មោះថា អមតៈជាទីពឹង (របស់សត្វ) ដោយអត្ថថា ចប់ស្រេច (នៃសាសនា) ក៏ចម្រើន ធម៌ទាំងឡាយណាៗ ដែលបុគ្គលចម្រើនហើយ ធម៌ទាំងនោះៗ មានរសតែមួយ ដែលឈ្មោះថាញាណ ដោយអត្ថថា ដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថា ដឹងច្បាស់នូវធម៌នោះ ហេតុនោះលោកពោលថា ការប្រុងត្រចៀកថា ធម៌ទាំងនេះ បុគ្គលត្រូវចម្រើន បញ្ញាជាគ្រឿងដឹងច្បាស់នូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ។
ចប់ ភាណវារៈ ទី៤។
[៧៧] ការប្រុងត្រចៀកថា ធម៌ទាំងនេះ បុគ្គលត្រូវធ្វើឲ្យជាក់ច្បាស់ បញ្ញាជាគ្រឿងដឹងច្បាស់នូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ តើដូចម្តេច ធម៌ ១ ដែលបុគ្គលត្រូវធ្វើឲ្យជាក់ច្បាស់ គឺចេតោវិមុត្តិដ៏មិនកម្រើក ធម៌ ២ ដែលត្រូវធ្វើឲ្យជាក់ច្បាស់ គឺវិជ្ជា ១ វិមុត្តិ ១ ធម៌ ៣ ដែលត្រូវធ្វើឲ្យជាក់ច្បាស់ គឺវិជ្ជា ៣ ធម៌ ៤ ដែលត្រូវធ្វើឲ្យជាក់ច្បាស់ គឺសាមញ្ញផល ៤ ធម៌ ៥ ដែលត្រូវធ្វើឲ្យជាក់ច្បាស់ គឺធម្មក្ខន្ធ ៥ ធម៌ ៦ ដែលត្រូវធ្វើឲ្យជាក់ច្បាស់ គឺអភិញ្ញា ៦ ធម៌ ៧ ដែលត្រូវធ្វើឲ្យជាក់ច្បាស់ គឺខីណាសវពលៈ ៧ ធម៌ ៨ ដែលត្រូវធ្វើឲ្យជាក់ច្បាស់ គឺវិមោក្ខ ៨ ធម៌ ៩ ដែលត្រូវធ្វើឲ្យជាក់ច្បាស់ គឺអនុបុព្វនិរោធ ៩ ធម៌ ១០ ដែលត្រូវធ្វើឲ្យជាក់ច្បាស់ គឺអសេក្ខធម៌ ១០។
ID: 637358762286874984
ទៅកាន់ទំព័រ៖