ព្រះត្រៃបិដក ភាគ ៦៩
ភិក្ខុនោះ ក៏បានសម្រេចចតុត្ថជ្ឈាន ដែលមិនមានទុក្ខ មិនមានសុខ មានតែសតិដ៏បរិសុទ្ធដោយឧបេក្ខា នេះលោកហៅថា សម្មាសមាធិ នេះលោកហៅថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច។ ដែលឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថា ដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា ការប្រុងត្រចៀកថា នេះទុក្ខអរិយសច្ច នេះទុក្ខសមុទយអរិយសច្ច នេះទុក្ខនិរោធអរិយសច្ច នេះទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច បញ្ញាជាគ្រឿងដឹងច្បាស់នូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ បញ្ញាក្នុងការប្រុងត្រចៀក ឈ្មោះថា សុតមយញ្ញាណ យ៉ាងនេះឯង។
[៨៦] បញ្ញាក្នុងការស្តាប់ហើយសង្រួម ឈ្មោះថា សីលមយញ្ញាណ តើដូចម្តេច សីល ៥ គឺបរិយន្តបារិសុទ្ធិសីល ១ អបរិយន្តបារិសុទ្ធិសីល ១ បរិបុណ្ណបារិសុទ្ធិសីល ១ អបរាមដ្ឋបារិសុទ្ធិសីល ១ បដិប្បស្បទ្ធិបារិសុទ្ធិសីល ១។
បណ្តាសីលទាំង ៥ នោះ បរិយន្តបារិសុទ្ធិសីល តើដូចម្តេច។ សីលរបស់អនុបសម្បន្នទាំងឡាយ ដែលមានសិក្ខាបទមានទីបំផុត នេះឈ្មោះថា បរិយន្តបារិសុទ្ធិសីល។
អបរិយន្តបារិសុទ្ធិសីល តើដូចម្តេច។ សីលរបស់ឧបសម្បន្នទាំងឡាយ ដែលមានសិក្ខាបទមិនមានទីបំផុត នេះឈ្មោះថា អបរិយន្តបារិសុទ្ធិសីល។
ID: 637358769150732176
ទៅកាន់ទំព័រ៖