ព្រះត្រៃបិដក ភាគ ០៧
វស្សូបនាយិកក្ខន្ធកៈ បវារណក្ខន្ធកៈ
ចម្មក្ខន្ធកៈ និងភេសជ្ជក្ខន្ធកៈ
ភាគទី២
វស្សូបនាយិកក្ខន្ធកៈ
[១] សម័យនោះ ព្រះពុទ្ធមានព្រះភាគ ទ្រង់គង់នៅវត្តវេឡុវន កលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង ការនៅចាំវស្សា ព្រះមានព្រះភាគមិនទាន់បានបញ្ញត្តដល់ភិក្ខុទាំងឡាយនៅឡើយ។ ភិក្ខុទាំងនោះក៏ចេញដើរទៅកាន់ចារិក អស់ហេមន្តរដូវខ្លះ អស់គិម្ហរដូវខ្លះ អស់វស្សានរដូវខ្លះ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្តិយ៍ មិនសមបើនឹងដើរទៅកាន់ចារិកអស់ហេមន្តរដូវខ្លះ អស់គិម្ហរដូវខ្លះ អស់វស្សានរដូវខ្លះ ដើរជាន់ស្មៅស្រស់ទាំងឡាយ បៀតបៀននូវវត្ថុដែលមានជីវិត មានឥន្ទ្រិយតែ១ ញុំាងសត្វតូចៗជាច្រើនឲ្យដល់នូវសេចក្តីវិនាសសោះ សូម្បីពួកបរិព្វាជក មានលទ្ធិដទៃទាំងនេះ ដែលជាអ្នកពោលធម៌អាក្រក់ ម្តេចគង់នឹងសម្ងំឈប់សម្រាកនៅចាំវស្សា សូម្បីទាំងពួកសត្វស្លាបនេះទៀតសោត ក៏គង់ធ្វើសំបុកលើចុងឈើទាំងឡាយ ហើយនឹងសម្ងំឈប់សម្រាកនៅចាំវស្សាដែរ ចំឡែកតែពួកសមណៈ ជាសក្យបុត្តិយ៍នេះ នៅតែដើរទៅកាន់ចារិក អស់ហេមន្តរដូវខ្លះ អស់គិម្ហរដូវខ្លះ អស់វស្សានរដូវខ្លះ ដើរជាន់ស្មៅស្រស់
ID: 636829959964757686
ទៅកាន់ទំព័រ៖