ព្រះត្រៃបិដក ភាគ ០៧
ពួកភិក្ខុដែលបវារណាហើយ ក៏ឈ្មោះថា បានបវារណាល្អហើយ ត្រូវតែពួកភិក្ខុ ដែលនៅសល់អំពីនោះ បវារណាចុះ ពួកភិក្ខុ ដែលបវារណាហើយ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើអាវាសណាមួយ មានពួកអាវាសិកភិក្ខុជាច្រើន គឺ៥រូប ឬជាង៥រូបឡើងទៅ ប្រជុំគ្នា ក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងនោះ ដឹងថាមានពួកអាវាសិកភិក្ខុឯទៀត មិនទាន់មកដល់។ ភិក្ខុទាំងនោះ មានសេចក្តីរង្កៀសថា យើងទាំងឡាយ គួរតែបវារណា មិនមែនថាយើងទាំងឡាយ មិនគួរបវារណាទេដូច្នេះ ហើយក៏បវារណាទៅ។ កាលដែលភិក្ខុទាំងឡាយនោះ ទើបតែនឹងបវារណាហើយ។បេ។ ភិក្ខុបរិសទ្យមិនទាន់ក្រោកចេញ ភិក្ខុបរិសទ្យពួកខ្លះក្រោកចេញទៅហើយ ភិក្ខុបរិសទ្យទាំងអស់ ក្រោកចេញទៅហើយ ទើបមានពួកអាវាសិកភិក្ខុឯទៀត ច្រើនជាងមកដល់។បេ។ ស្មើៗគ្នា។បេ។ តិចជាង។ ពួកភិក្ខុ ដែលបវារណាហើយ ក៏ ឈ្មោះថាបានបវារណាល្អហើយ ពួកភិក្ខុ (ដែលមិនទាន់បានបវារណា) ត្រូវបវារណា ក្នុងសំណាក់ភិក្ខុទាំងឡាយនោះចុះ ភិក្ខុដែលបវារណាហើយ ត្រូវអាបត្តិទុក្កដ។
ចប់ រឿងពួកភិក្ខុមានសេចក្តីរង្កៀស មាន១៥យ៉ាង។
ID: 636830002968177341
ទៅកាន់ទំព័រ៖