ព្រះត្រៃបិដក ភាគ ០៧
ឯង មានកាយសមាចារបរិសុទ្ធ មានវចីសមាចារបរិសុទ្ធ មានអាជីវៈបរិសុទ្ធ តែល្ងង់ មិនឆ្លាស កាលគេចោទសួរ ក៏មិនអាចឲ្យគេចោទសួរបាន។ ត្រូវសង្ឃសង្រួបសង្រួមថា កុំឡើយភិក្ខុ លោកកុំធ្វើការបង្កហេតុ កុំឈ្លោះគ្នា កុំទាស់ទែងគ្នា កុំវិវាទគ្នា ដូច្នេះហើយ សឹមបវារណាចុះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុឃាត់បវារណា ចំពោះភិក្ខុផងគ្នា ក្នុងថ្ងៃបវារណានោះ។ បើពួកភិក្ខុដទៃ ស្គាល់ភិក្ខុនោះថា លោកដ៏មានអាយុនេះឯង មានកាយសមាចារបរិសុទ្ធ មានវចីសមាចារបរិសុទ្ធ មានអាជីវៈបរិសុទ្ធ ជាបណ្ឌិត ឆ្លាស មានប្រាជ្ញា កាលមានគេចោទសួរ អាចឲ្យគេចោទសួរបាន។ ត្រូវភិក្ខុទាំងឡាយ និយាយនឹងភិក្ខុនោះថា នែអាវុសោ លោកនេះឯង ឃាត់បវារណា ចំពោះភិក្ខុនេះ លោកឃាត់បវារណានោះ ព្រោះហេតុអ្វី លោកឃាត់ព្រោះសីលវិបត្តិ ឬឃាត់ព្រោះអាចារវិបត្តិ ឬឃាត់ព្រោះទិដ្ឋិវិបត្តិ។ បើភិក្ខុអ្នកឃាត់នោះ និយាយយ៉ាងនេះថា ខ្ញុំឃាត់ព្រោះសីលវិបតិ្ត ខ្ញុំឃាត់ព្រោះអាចារវិបតិ្ត ខ្ញុំឃាត់ព្រោះទិដ្ឋិវិបតិ្ត។ ត្រូវភិក្ខុទាំងឡាយ និយាយនឹងភិក្ខុនោះ យ៉ាងនេះថា លោកដ៏មានអាយុ ស្គាល់សីលវិបត្តិ ស្គាល់អាចារវិបត្តិ ស្គាល់ទិដ្ឋិវិបត្តិដែរឬ។
ID: 636830023486790939
ទៅកាន់ទំព័រ៖