ព្រះត្រៃបិដក ភាគ ០៧
ចាំវស្សាដោយប៉ងថា កាលបើភិក្ខុទាំងនោះនៅចាំវស្សារួចហើយ ពួកយើងនឹងឃាត់បវារណាក្នុងថ្ងៃដែលបវារណា។ ពួកភិក្ខុទាំងនោះបានឮដំណឹងថា ពួកភិក្ខុដទៃដែលនៅជិតខាងយើង ជាអ្នកធ្វើសេចក្តីប្រកួតប្រកាន់គ្នា ធ្វើសេចក្តីឈ្លោះប្រកែក ធ្វើសេចក្តីទាស់ទែងគ្នា ធ្វើតិរច្ឆានកថា ជាអ្នកធ្វើអធិករណ៍ក្នុងសង្ឃចូលទៅចាំវស្សា ដោយគិតថា កាលបើភិក្ខុទាំងនោះនៅចាំវស្សារួចហើយ ពួកយើងនឹងឃាត់បវារណាក្នុងថ្ងៃដែលបវារណា គួរយើងទាំងឡាយប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានពួកភិក្ខុច្រើនរូប ជាមិត្រដែលធ្លាប់ឃើញគ្នា ជាមិត្រស្និទ្ធស្នាលមាំមួន ចូលទៅចាំវស្សាក្នុងអាវាសមួយ។ ពួកភិក្ខុដទៃដែលនៅជិតខាងពួកភិក្ខុទាំងនោះ ជាអ្នកធ្វើសេចក្តីប្រកួតប្រកាន់ ធ្វើសេចក្តីឈ្លោះ ធ្វើសេចក្តីទាស់ទែង ធ្វើតិរច្ឆានកថា ជាអ្នកធ្វើអធិករណ៍ក្នុងសង្ឃ ចូលទៅចាំវស្សាដោយប៉ងថា កាលបើភិក្ខុទាំងនោះ នៅចាំវស្សារួចហើយ ពួកយើងនឹងឃាត់បវារណា ក្នុងថ្ងៃដែលបវារណា។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យពួកភិក្ខុទាំងនោះ ធ្វើចាតុទ្ទសីឧបោសថពីរបីឧបោសថ
(១) ដោយគិតថា ធ្វើដូចម្តេចពួកយើងនឹងគប្បីបវារណាឲ្យបានមុនពួកភិក្ខុ
(១) ក្នុងវស្សា៣ខែ បើមានហេតុទាស់ ទ្រង់អនុញ្ញាតឲ្យធ្វើចាតុទ្ទសីឧបោសថពីរបីឧបោសថបាន គឺឧបោសថទី៣-៤-៥។ ឯទី៣ គឺរនោចខែស្រាពណ៍ ទី៤-៥ ខែភទ្ទបទ។ ឯធ្វើបែបនេះខុសពីធម្មតាតែខែភទ្ទបទមួយទេ។
ID: 636830026196305914
ទៅកាន់ទំព័រ៖