ព្រះត្រៃបិដក ភាគ ០៧
លោកជារោគសិន ដល់លោកជារោគហើយ កាលបើត្រូវការនឹងចោទ ក៏ចោទចុះ។ កាលបើភិក្ខុនិយាយយ៉ាងនេះហើយ ភិក្ខុដែលឈឺនោះ នៅតែចោទ ត្រូវអាបត្តិបាចិត្តិយ ព្រោះមិនអើពើ (នឹងពាក្យឃាត់)។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះកំពុងតែបវារណា ហើយមានភិក្ខុមិនឈឺឃាត់បវារណាដល់ភិក្ខុឈឺ ត្រូវភិក្ខុដទៃនិយាយនឹងភិក្ខុមិនឈឺនោះយ៉ាងនេះថា នែអាវុសោ ភិក្ខុនេះឯងឈឺ ក៏ធម្មតា ភិក្ខុឈឺ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ជាបុគ្គលមិនគួរដល់ការសួរដេញដោលទេ នែអាវុសោ ចូរលោករង់ចាំ ទំរាំភិក្ខុនេះជារោគសិន ដល់លោកនេះជារោគហើយ កាលបើលោកប្រាថ្នានឹងចោទ ក៏ចោទចុះ។ កាលបើភិក្ខុដទៃនិយាយយ៉ាងនេះហើយ ភិក្ខុមិនឈឺនោះនៅតែចោទ ត្រូវអាបត្តិបាចិត្តិយ ព្រោះមិនអើពើ (នឹងពាក្យឃាត់)។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងឡាយនោះ កំពុងតែបវារណា ហើយមានភិក្ខុឈឺឃាត់បវារណាដល់ភិក្ខុឈឺ ត្រូវភិក្ខុដទៃនិយាយយ៉ាងនេះនឹងភិក្ខុនោះថា លោកដ៏មានអាយុទាំងឡាយ ជាអ្នកឈឺ ក៏ធម្មតា ភិក្ខុឈឺ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា មិនគួរដល់ការសួរដេញដោលទេ នែអាវុសោ ចូរលោកបង្អង់សិន ទំរាំលោកទាំងឡាយជារោគ ដល់លោកដែលមានហេតុ (នោះ) ជាសះស្បើយហើយ កាលបើលោកត្រូវការនឹងចោទ ក៏ចោទភិក្ខុដែលឥតរោគ (នោះចុះ)។
ID: 636830027276547700
ទៅកាន់ទំព័រ៖