ព្រះត្រៃបិដក ភាគ ០៧
            
        
        
            
            
                
                បើមានភិក្ខុណាមួយ ឃាត់បវារណាភិក្ខុនោះ ត្រូវសង្ឃដេញដោលសួរភិក្ខុទាំងពីររូប លុះសាកសួរហើយ សឹមឲ្យភិក្ខុទាំងពីរធ្វើតាមធម៌ (គឺសំដែងអាបត្តិ)។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុនោះ បានសម្រេចកិច្ចនោះក្នុងជនបទហើយ ត្រឡប់មកកាន់អាវាសនោះវិញ ខាងក្នុងថ្ងៃគំរប់៤ខែ នៃវស្សានរដូវ ជាទីរីកនៃផ្កាកុមុទ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងឡាយនោះ កំពុងតែបវារណា ហើយមានភិក្ខុណាមួយឃាត់បវារណាដល់ភិក្ខុនោះ គួរភិក្ខុដែលត្រូវគេឃាត់នោះ និយាយនឹងភិក្ខុអ្នកឃាត់នោះយ៉ាងនេះថា នែអាវុសោ លោកមិនមែនជាឥស្សរៈ ក្នុងការបវារណារបស់ខ្ញុំទេ ខ្ញុំបានបវារណាហើយ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងឡាយនោះ កំពុងតែបវារណា ក៏ភិក្ខុនោះឃាត់បវារណារបស់ភិក្ខុណាមួយ។ ត្រូវសង្ឃដេញដោល សាកសួរភិក្ខុទាំងពីររូប លុះដេញដោល សាកសួរហើយ ឲ្យភិក្ខុទាំងពីររូបធ្វើតាមធម៌ ហើយសឹមបវារណា ដោយសង្ឃបវារណាចុះ។
ចប់ បវារណក្ខន្ធកៈ ទី៤។
រឿងក្នុងខន្ធកៈនេះមាន៤៦រឿង។
             
            
         
        
            
                ID: 636830028595083116 
                
            
            
                ទៅកាន់ទំព័រ៖