ព្រះត្រៃបិដក ភាគ ០៧
[៤៩] សម័យនោះ ព្រះពុទ្ធមានព្រះភាគ គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង ព្រះបាទមាគធសេនិយពិម្ពិសារ សោយរាជ្យជាឥស្សរាធិបតិលើអ្នកស្រុកទាំង៨ម៉ឺន។ សម័យនោះឯង ក្នុងក្រុងចម្បា មានកូនសេដ្ឋីម្នាក់ឈ្មោះសោណៈ ជាកោឡិវិសគោត្ត ហើយជាសុខុមាលជាតិ។ សេដ្ឋិបុត្តនោះ មានរោមជាច្រើនដុះត្រង់បាតជើងទាំងពីរ។ គ្រានោះ ព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់ប្រជុំពួកអ្នកស្រុកទាំង៨ម៉ឺន ហើយទ្រង់បញ្ជូនរាជបម្រើទៅក្នុងសំណាក់សោណកោឡិវិសដោយមានកិច្ចអ្វីនីមួយថា សោណៈចូរមក ដ្បិតយើងចង់ឲ្យសោណៈមក។
ID: 636830029668704524
ទៅកាន់ទំព័រ៖