ព្រះត្រៃបិដក ភាគ ០៧
សំពត់កាសាយ ចេញចាកផ្ទះ ហើយបួសក្នុងភាពនៃបុគ្គលមិនមានប្រយោជន៍ដោយផ្ទះ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ព្រះមេត្តាបំបួសខ្ញុំព្រះអង្គ។ សោណកោឡិវិស បានបព្វជ្ជាឧបសម្បទាក្នុងសំណាក់ព្រះមានព្រះភាគ។ លុះព្រះសោណដ៏មានអាយុ បានឧបសម្បទាមិនយូរប៉ុន្មាន ក៏បានទៅគង់នៅព្រៃសីតវន (ព្រៃត្រជាក់)។ កាលសោណភិក្ខុនោះ ខំព្យាយាមខ្លាំង ដើរចង្ក្រមទៅ បាទារបស់លោកក៏បែក (ចេញឈាម)។ ទីចង្ក្រមក៏ប្រឡាក់ដោយឈាម ដូចជាទីដែលសម្រាប់សម្លាប់គោ។ ខណៈនោះ កាលព្រះសោណៈដ៏មានអាយុ សម្ងំក្នុងទីស្ងាត់ ក៏កើតការត្រិះរិះក្នុងចិត្តយ៉ាងនេះថា ពួកសាវកឯណាមួយ នៃព្រះដ៏មានព្រះភាគ ដែលមានព្យាយាមប្រឹងប្រែង បណ្តាសាវកទាំងនោះ អាត្មាអញ ក៏ជាសាវកមួយដែរ តែបើទុកជាដូច្នោះ ក៏ចិត្តរបស់អាត្មាអញ នៅមិនទាន់ផុតចាកអាសវៈ ដោយមិនមានឧបាទានឡើយ ឯត្រកូលរបស់អាត្មាអញ ក៏មានទ្រព្យសម្បត្តិបរិបូណ៌ដែរ អាត្មាអញ អាចនឹងបរិភោគទ្រព្យសម្បត្តិផង អាចនឹងធ្វើបុណ្យផង បើដូច្នោះ គួរអាត្មាអញ វិលត្រឡប់ទៅ ដើម្បីហីនភេទវិញ (គឺសឹក) ហើយនឹងបរិភោគទ្រព្យសម្បត្តិផង ធ្វើបុណ្យផង។
ID: 636830032073272057
ទៅកាន់ទំព័រ៖