ព្រះត្រៃបិដក ភាគ ០៧

លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បាន​ជ្រាប​សេចក្តី​ត្រិះរិះ​ ​ក្នុងចិត្ត​របស់​ព្រះ​សោ​ណៈ​ដ៏​មាន​អាយុ​ ​ដោយ​ព្រះទ័យ​ហើយ​ ​ក៏​ស្រាប់តែ​បាត់​ព្រះអង្គ​ពីលើ​ភ្នំ​គិជ្ឈកូដ​ ​ទៅ​ប្រាកដ​ព្រះអង្គ​នៅ​ឯ​ព្រៃ​សីត​វន​ ​ប្រៀប​ដូច​បុរស​មាន​កំឡាំង​ ​លា​ចេញ​នូវ​ដើមដៃ​ ​ដែល​ខ្លួន​បត់​ចូល​ ​ឬបត់​ចូល​នូវ​ដើមដៃ​ ​ដែល​ខ្លួន​លា​ចេញ​។​ ​វេលា​នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​យាង​ទៅកាន់​សេនាសន​ចារិក​ ​ជាមួយនឹង​ពួក​ភិក្ខុ​ជាច្រើន​រូប​ ​បាន​យាង​សំដៅ​ទៅកាន់​ទី​ចង្ក្រម​របស់​ព្រះ​សោ​ណៈ​ដ៏​មាន​អាយុ​នោះ​។​ ​ព្រះមានព្រះភាគ​ ​ក៏បាន​ទត​ទៅ​ឃើញ​ទី​ចង្ក្រម​របស់​ព្រះ​សោ​ណៈ​ដ៏​មាន​អាយុ​ប្រឡាក់​ដោយ​ឈាម​ ​លុះ​ទត​ឃើញ​ហើយ​ ​ក៏​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទី​ចង្ក្រម​នេះ​ ​ជាទី​ចង្ក្រម​របស់​អ្នកណា​ ​បាន​ជា​ប្រឡាក់​ដោយ​ឈាម​ ​ដូចជា​ទីសម្រាប់​សម្លាប់​គោ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​ព្រះ​សោ​ណៈ​ដ៏​មាន​អាយុ​ខំព្យាយាម​ដើរ​ចង្ក្រម​ទៅ​ ​បាទា​របស់​លោក​ក៏​បែក​ ​នេះ​ជាទី​ចង្ក្រម​របស់​លោក​នោះ​ ​ដែល​ប្រឡាក់​ដោយ​ឈាម​ ​ដូចជា​ទី​ដែល​សម្រាប់​សម្លាប់​គោ​។​ ​វេលា​នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​យាង​ចូល​ទៅកាន់​វិហារ​របស់​ព្រះ​សោ​ណៈ​ដ៏​មាន​អាយុ​ ​លុះ​យាង​ចូល​ទៅដល់​ហើយ​ ​ក៏​ទ្រង់​គង់នៅ​លើ​អាសនៈ​ ​ដែលគេ​បាន​ក្រាល​ទុក​។​
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 636830032330576774
ទៅកាន់ទំព័រ៖