ព្រះត្រៃបិដក ភាគ ០៧
ធ្វើនូវធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមក ទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ កាលបើអាចារ្យ(ក្តី) ភិក្ខុល្មមធ្វើជាអាចារ្យ(ក្តី) ឧបជ្ឈាយ៍(ក្តី) ភិក្ខុល្មមធ្វើជាឧបជ្ឈាយ៍(ក្តី) មិនបានពាក់ស្បែកជើងដើរចង្ក្រមទេ ភិក្ខុមិនត្រូវពាក់ស្បែកជើង ហើយដើរចង្ក្រមទេ ភិក្ខុណាដើរចង្ក្រម ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់ស្បែកជើងខាងក្នុងវត្តទេ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។
[៥៧] សម័យនោះឯង មានភិក្ខុ១រូប កើតរោគដំបៅលេចនៅបាតជើង។ ភិក្ខុទាំងឡាយក៏បានគ្រាហ៍យកភិក្ខុនោះទៅឲ្យបន្ទោបង់ឧច្ចារៈផង បស្សាវៈផង។ ព្រះមានព្រះភាគ ទ្រង់យាងទៅកាន់សេនាសនចារិក ក៏បានទតទៅឃើញភិក្ខុទាំងនោះ កំពុងគ្រាហ៍យកភិក្ខុនោះទៅឲ្យបន្ទោបង់ឧច្ចារៈផង បស្សាវៈផង លុះឃើញហើយ ក៏ទ្រង់យាងចូលទៅរកភិក្ខុនោះ លុះយាងចូលទៅដល់ហើយ ទើបទ្រង់មានបន្ទូលនេះ នឹងភិក្ខុទាំងនោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះកើតរោគអ្វី។ ភិក្ខុទាំងនោះ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន លោកដ៏មានអាយុនេះ កើតរោគដំបៅលេចនៅបាតជើង ពួកខ្ញុំព្រះអង្គក៏គ្រាហ៍យកលោកដ៏មានអាយុនេះមកឲ្យបន្ទោបង់ឧច្ចារៈផង បស្សាវៈផង។
ID: 636830037993780691
ទៅកាន់ទំព័រ៖