ព្រះត្រៃបិដក ភាគ ០៧
[៥៨] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ធ្វើនូវធម្មីកថាក្នុងវេលានោះ រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមក ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ (បើ) ភិក្ខុណា មានជើងឈើក្តី មានជើងបែកក្តី មានរោគដំបៅលេចនៅបាតជើងក្តី តថាគតអនុញ្ញាតឲ្យភិក្ខុនោះពាក់ស្បែកជើងបាន។ សម័យនោះឯង ភិក្ខុទាំងឡាយ មិនបានលាងជើង ហើយស្រាប់តែឡើងទៅកាន់គ្រែខ្លះ តាំងខ្លះ នាំឲ្យប្រឡាក់ចីវរ និងសេនាសនៈ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតឲ្យភិក្ខុពាក់ស្បែកជើងបាន ដោយគិតថា ក្នុងវេលានេះ អាត្មាអញ នឹងឡើងគ្រែ ឬតាំង។ សម័យនោះឯង ក្នុងវេលាយប់ មានពួកភិក្ខុដើរទៅកាន់រោងឧបោសថខ្លះ ទីប្រជុំអង្គុយខ្លះ ក៏ជាន់ទៅលើដង្គត់ឈើខ្លះ លើបន្លាខ្លះ ក្នុងទីងងឹត ជើងរបស់ភិក្ខុទាំងនោះក៏មានទុក្ខវេទនា។ ភិក្ខុទាំងឡាយ ក៏បានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុពាក់ស្បែកជើង កាន់គប់ភ្លើង ប្រទីប និងឈើច្រត់ខាងក្នុងអារាមបាន។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រី (ជិតភ្លឺ) ក៏ពាក់ទ្រនាប់ជើងឈើ ហើយចង្ក្រមក្នុង
ID: 636830038253005518
ទៅកាន់ទំព័រ៖