ព្រះត្រៃបិដក ភាគ ០៧
សេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកឆព្វគ្គិយភិក្ខុ ប្រើគេឲ្យកាត់ត្នោតខ្ចីៗ (យកមកធ្វើ)ជាទ្រនាប់ជើងស្លឹកត្នោត ហើយពាក់ ត្នោតខ្ចីទាំងនោះ លុះគេកាត់ហើយ ក៏ស្វិតស្រពោន ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ មោឃបុរសទាំងនោះ មិនសមបើនឹងប្រើគេឲ្យកាត់ត្នោតខ្ចីៗ (យកមកធ្វើ)ជាទ្រនាប់ជើងស្លឹកត្នោត ហើយពាក់ទេ ត្នោតខ្ចីទាំងនោះ លុះគេកាត់ហើយ ក៏ស្វិតស្រពោនអស់ ម្នាលភិក្ខុទាំងឡាយ ដ្បិតពួកមនុស្សតែងសំគាល់ថា ដើមឈើមានជីវិត ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនបានដឹកនាំពួកជនដែលមិនទាន់ជ្រះថ្លា ឲ្យបានជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់បន្ទោសរួច ទ្រង់ធ្វើនូវធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមក ទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់ទ្រនាប់ជើងស្លឹកត្នោតឡើយ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុគិតថា ទ្រនាប់ជើងស្លឹកត្នោត ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ ទើបប្រើគេឲ្យកាត់នូវឫស្សីខ្ចីទាំងឡាយវិញ (យកមកធ្វើ) ជាទ្រនាប់ជើងស្លឹកឫស្សី ហើយពាក់ ឯឫស្សីខ្ចីទាំងនោះ លុះគេកាត់ហើយ ក៏ស្វិតស្រពោនអស់។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា
ID: 636830039313586180
ទៅកាន់ទំព័រ៖