ព្រះត្រៃបិដក ភាគ ០៧
មិនគួរទេ ព្រោះយាន ព្រះដ៏មានព្រះភាគទ្រង់ហាមឃាត់រួចទៅហើយ។ ភិក្ខុនោះរង្កៀសខ្លាចក្រែង ក៏មិនឡើងជិះយានឡើយ។ វេលានោះឯង ភិក្ខុនោះក៏ដើរទៅដល់ក្រុងសាវត្ថី បានដំណាលរឿងនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថាក្នុងវេលានោះ រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមក ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតយានដល់ភិក្ខុដែលមានជម្ងឺ។ វេលានោះ ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះយ៉ាងនេះថា (ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាត) យានដែលទឹមដោយសត្វញី ឬទឹមដោយសត្វឈ្មោលហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតយានដែលគេទឹមដោយសត្វឈ្មោល និងយានដែលសម្រាប់អូស ឬរុញដោយដៃ
(១)។ សម័យនោះឯង មានភិក្ខុ១រូប កើតសេចក្តីមិនសប្បាយខ្លាំង ព្រោះទង្គិច ទង្គុកដោយយាន(យានរលាក់)។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវគ្រែស្នែង និងអង្រឹងស្នែង។
(១) អដ្ឋកថា ថា យានដែលសម្រាប់អូស ឬរុញដោយដៃ ទុកជាប្រុសក្តី ស្រីក្តី អូស ឬរុញទៅ ក៏គួរ។
ID: 636830041790287839
ទៅកាន់ទំព័រ៖