ព្រះត្រៃបិដក ភាគ ០៧
មិនតែប៉ុណ្ណោះ មានភិក្ខុបាបមួយរូប ជាជីតុន របស់ឧបាសកបាបម្នាក់។ វេលានោះ ភិក្ខុបាបនោះ លុះវេលាព្រឹកព្រហាម ក៏ស្លៀកស្បង់ ហើយកាន់យកបាត្រនិងចីវរ ហើយចូលទៅកាន់ផ្ទះ របស់ឧបាសកបាបនោះ លុះចូលទៅដល់ហើយ ក៏អង្គុយនៅលើអាសនៈ ដែលគេក្រាលទុក។ លំដាប់នោះ ឧបាសកបាបនោះ បានចូលទៅរកភិក្ខុបាប លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំភិក្ខុបាបនោះ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ គ្រានោះឯង ឧបាសកបាបនោះ មានកូនគោ១ មានរូបល្អ គួរនឹងរមឹលមើល នាំឲ្យកើតសេចក្តីជ្រះថ្លាដ៏វិចិត្រ ប្រហែលនឹងកូនខ្លាដំបង។ វេលានោះ ភិក្ខុបាបនោះ ក៏សំឡឹងមើលទៅកូនគោនោះមិនដាក់ភ្នែកសោះ។ លំដាប់នោះ ឧបាសកបាបនោះ បាននិយាយពាក្យនេះនឹងភិក្ខុបាបនោះថា បពិត្រលោកដ៏ចំរើន ហេតុអ្វី បានជាលោកម្ចាស់ សំឡឹងមើលកូនគោនេះមិនដាក់ភ្នែកសោះ។ ភិក្ខុនោះប្រាប់ថា នែអ្នកដ៏មានអាយុ ដ្បិតអាត្មាត្រូវការស្បែកកូនគោនេះ។ ខណៈនោះ ឧបាសកបាបនោះ ក៏សម្លាប់កូនគោនោះ ហើយពន្លះយកស្បែក ប្រគេនទៅភិក្ខុបាបនោះ។ គ្រានោះ ភិក្ខុបាបនោះ ក៏លាក់ស្បែកនោះ ក្នុងសង្ឃាដិ ហើយក៏ដើរទៅ។
ID: 636830043311204830
ទៅកាន់ទំព័រ៖