ព្រះត្រៃបិដក ភាគ ០៧
ម្នាលភិក្ខុ ឮថាអ្នកឯងបានបបួលគេឲ្យធ្វើបាណាតិបាត ពិតមែនឬ។ ភិក្ខុបាបក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា នែមោឃបុរស អ្នកឯងមិនសមនឹងបបួលគេឲ្យធ្វើបាណាតិបាតទេ នែមោឃបុរស ក្រែងអំពើបាណាតិបាត តថាគត បានតិះដៀលហើយ ដោយអនេកបរិយាយ តថាគតសរសើរតែការវៀរចាក អំពើបាណាតិបាត ដូច្នោះទេឬ នែមោឃបុរស អំពើនេះ នឹងបានដឹកនាំពួកជន ដែលមិនទាន់ជ្រះថ្លា ឲ្យបានជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់បន្ទោសរួចហើយ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមក បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបបួលគេក្នុងបាណាតិបាតទេ ភិក្ខុណាបបួល ត្រូវឲ្យវិនយធរធ្វើតាមធម៌។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុមិនត្រូវប្រើប្រាស់ស្បែកគោទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ស្បែកសត្វណាមួយទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង មានគ្រែ និងតាំង ដែលពួកមនុស្សបានដាសដោយស្បែក បានរួតរឹតដោយស្បែក។ ភិក្ខុទាំងឡាយរង្កៀស មិនហ៊ានអង្គុយលើ។ ភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុអង្គុយលើទីសេនាសនៈ ដែលជាគិហិវិក័ត (របស់ដែល
ID: 636830043874067024
ទៅកាន់ទំព័រ៖