ព្រះត្រៃបិដក ភាគ ០៧
ហើយទុកដាក់គ្រឿងសេនាសនៈ រួចកាន់យកបាត្រនិងចីវរ ចេញដើរដោយលំដាប់ទៅក្រុងសាវត្ថី ក៏ចូលទៅរកព្រះមានព្រះភាគ ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ វេលានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកថា នែអានន្ទ អ្នកចូរទៅក្រាលសេនាសនៈឲ្យអាគន្តុកភិក្ខុនេះ (បន្តិច)។ គ្រានោះ ព្រះអានន្ទដ៏មានអាយុគិតថា ព្រះមានព្រះភាគទ្រង់បង្គាប់អញថា នែអានន្ទ អ្នកឯងចូរក្រាលសេនាសនៈ ឲ្យអាគន្តុកភិក្ខុនេះ (បន្តិច) ចំពោះភិក្ខុណា ព្រះមានព្រះភាគ ទ្រង់ប្រាថ្នា ដើម្បីគង់នៅក្នុងវិហារ១ ជាមួយនឹងភិក្ខុនោះ គឺថាព្រះមានព្រះភាគ ប្រាថ្នាដើម្បីគង់នៅក្នុងវិហារ១ ជាមួយនឹងព្រះសោណៈដ៏មានអាយុ លុះគិតដូច្នោះហើយ ក៏ក្រាលសេនាសនៈ ចំពោះព្រះសោណៈដ៏មានអាយុ ក្នុងវិហារ ដែលព្រះមានព្រះភាគគង់នៅ។
[៦៩] គ្រានោះ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងទីកណ្តាលវាល អស់រាត្រីជាច្រើន ទើបយាងចូលទៅកាន់វិហារ។ ចំណែកខាងព្រះសោណៈដ៏មានអាយុ ក៏នៅក្នុងទីកណ្តាលវាល អស់រាត្រីជាច្រើន ទើបចូលទៅកាន់វិហារដែរ។ វេលានោះ ព្រះមានព្រះភាគ ទ្រង់ក្រោកឡើង
ID: 636830047029757519
ទៅកាន់ទំព័រ៖