ព្រះត្រៃបិដក ភាគ ០៧
ក្នុងបច្ចូសសម័យនៃរាត្រី បានត្រាស់បង្គាប់ព្រះសោណៈដ៏មានអាយុថា នែភិក្ខុ អ្នកគួរនឹងសំដែងធម៌បន្តិចទៅ។ ព្រះសោណៈដ៏មានអាយុ បានទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគដោយពាក្យថា ព្រះករុណាព្រះអង្គ ហើយក៏សំដែងនូវសូត្រទាំងឡាយ មាននៅក្នុងអដ្ឋកវគ្គទាំងអស់ ដោយសរភញ្ញ។ លុះចប់សរភញ្ញ របស់ព្រះសោណៈដ៏មានអាយុហើយ ព្រះមានព្រះភាគ ក៏បានអនុមោទនា ក្នុងខណៈនោះថា នែភិក្ខុ ពីរោះហើយៗ នែភិក្ខុ សូត្រទាំងឡាយ ដែលមានក្នុងអដ្ឋកវគ្គ អ្នកបានរៀនមកត្រឹមត្រូវហើយ អ្នកបានធ្វើទុកក្នុងចិត្តល្អហើយ បានពិចារណាល្អហើយ អ្នកប្រកបដោយសំដីដ៏ពីរោះ ក្បោះក្បាយ ប្រាសចាកទោស គួរនឹងញុំាងជនឲ្យបានដឹងច្បាស់នូវសេចក្តី នែភិក្ខុ អ្នកមានវស្សាប៉ុន្មានហើយ។ ព្រះសោណៈក្រាបទូលថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គទើបបានតែ១វស្សាទេ។ ព្រះមានព្រះភាគ ទ្រង់សួរថា នែភិក្ខុ ហេតុអ្វីបានជាអ្នកធ្វើការឲ្យយឺតយូរយ៉ាងនេះ (ក្របួសម្ល៉េះ)។ ព្រះសោណៈក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ឯទោសក្នុងកាមទាំងឡាយ ខ្ញុំព្រះអង្គបានឃើញមកជាយូរហើយ តែថាធម្មតា ឃរាវាស មានសេចក្តីចង្អៀតចង្អល់ច្រើន មានកិច្ចច្រើន មានការងារច្រើន។ វេលានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឡើងនូវឧទាននេះ ក្នុងវេលានោះថា
ID: 636830048072047135
ទៅកាន់ទំព័រ៖