ព្រះត្រៃបិដក ភាគ ០៧
ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានពួកមនុស្សប្រគេនចីវរដើម្បីភិក្ខុទាំងឡាយ ដែលនៅក្រៅសីមាថា យើងប្រគេនចីវរនេះ ចំពោះភិក្ខុឈ្មោះនេះ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុត្រេកអរបាន ចីវរមិនទាន់មកដល់ដៃដរាបណា ចីវរនោះ ភិក្ខុមិនត្រូវរាប់តាមកំណត់ថ្ងៃ(១)ដរាបនោះ។
ចប់ ចម្មក្ខន្ធកៈ ទី៥។
ក្នុងខន្ធកៈនេះ មាននិទាន៦៣។
ឧទ្ទាននៃចម្មក្ខន្ធកៈនោះ គឺ
[៧២] រឿងព្រះបាទមាគធៈ ជាធំលើអ្នកស្រុក៨ម៉ឺន១ រឿងសោណសេដ្ឋីបុត្រ១ រឿងសាគតភិក្ខុសំដែងឥទ្ធិបាដិហារ្យ ជាឧត្តរិមនុស្សធម៌ច្រើន លើភ្នំគិជ្ឈកូដ១។
(១) តាមធម្មតា ក្នុងមជ្ឈិមបទេស ភិក្ខុបានទទួលចីវរក្តី បានដឹងដំណឹងចីវរដែលគេមិនប្រគេនក្តី ភិក្ខុត្រូវរាប់ថ្ងៃតាំងតែបានទទួល ឬបានដឹងដំណឹងនោះ បើភិក្ខុមិនបានវិកប្ប ឬមិនបានអធិដ្ឋានឲ្យហួសកំណត់១០ថ្ងៃទៅ ចីវរនោះជានិស្សគ្គិយ ឯបច្ចន្តិមជនបទ តាមពុទ្ធានុញ្ញាតនេះ បើចីវរមិនទាន់ដល់ដៃ ភិក្ខុមិនបាច់រាប់ថ្ងៃឡើយ។
ID: 636830050293544197
ទៅកាន់ទំព័រ៖