ព្រះត្រៃបិដក ភាគ ០៧
ឲ្យភិក្ខុទទួលក្នុងកាលគួរ ឆាន់ក្នុងកាលគួរ
(១)បាន។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងទីស្ងាត់ នៅវេលាសាយណ្ហសម័យ ហើយទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ក្នុងវេលានេះ តថាគតសម្ងំនៅក្នុងទីស្ងាត់ មានចិត្តត្រិះរិះដូច្នេះថា ឥឡូវនេះ ពួកភិក្ខុកើតអាពាធ (ប្រមាត់) ក្នុងសរទកាលហើយ បបរដែលហុតទៅ ក៏ចង្អោរចេញមកវិញ បាយដែលឆាន់ទៅ ក៏ចង្អោរចេញមកវិញ ព្រោះអាពាធនោះ ទើបបានជាភិក្ខុទាំងនោះស្គាំងស្គម សៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ វត្ថុខ្លះជាភេសជ្ជៈ វត្ថុខ្លះដែលគេសន្មតថាជាភេសជ្ជៈ វត្ថុខ្លះផ្សាយទៅសម្រាប់ជាអាហាររបស់មនុស្សលោក វត្ថុខ្លះជាអាហារមិនបានគ្រោតគ្រាត តើគួរតថាគតអនុញ្ញាតវត្ថុដូចម្តេច ទើបសមគួរជាភេសជ្ជៈដល់ភិក្ខុទាំងឡាយហ្ន៎ ម្នាលភិក្ខុទាំងឡាយ តថាគតឯង មានសេចក្តីត្រិះរិះដូច្នេះថា ភេសជ្ជៈទាំង៥នេះគឺ ទឹកដោះរាវ១ ទឹកដោះខាប់១ ប្រេង១ ទឹកឃ្មុំ១ ស្ករអំពៅ១ របស់ទាំងនេះ ជាភេសជ្ជៈផង ដែលគេសន្មតថាជាភេសជ្ជៈផង ផ្សាយទៅសម្រាប់ជាអាហារ
(១) សំដៅយកតាំងពីពេលព្រឹក ទៅទល់ថ្ងៃត្រង់។ តទៅខាងមុខ នឹងមានទ្រង់អនុញ្ញាតរើរុះទៀត។
ID: 636830052411915361
ទៅកាន់ទំព័រ៖