ព្រះត្រៃបិដក ភាគ ០៧
ទ្រង់ចូលទៅកាន់សំណាក់ភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ទ្រង់មានពុទ្ធដម្រាស់នេះនឹងភិក្ខុទាំងនោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះមានអាពាធដូចម្តេច។ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ព្រះវេលដ្ឋសីសៈដ៏មានអាយុនេះ កើតបូសធំ ចីវរប្រឡាក់ដោយទឹករំអិល ជាប់ស្អិតនៅនឹងកាយ ខ្ញុំព្រះអង្គទាំងឡាយ យកទឹកមកលាបចីវរទាំងនោះឲ្យសើមៗ ហើយបកចេញ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាមានអាពាធ គឺកម ឬរមាស់ក្តី បូសតូចក្តី អាពាធទឹករងៃក្តី បូសធំក្តី និងកាយមានក្លិនអាក្រក់ តថាគតអនុញ្ញាតគ្រឿងលំអិត ជាភេសជ្ជៈដល់ភិក្ខុនោះ តថាគតអនុញ្ញាតអាចម៍គោ ដីស្អិត និងកាកនៃគ្រឿងជ្រលក់ ដល់ភិក្ខុដែលមានជម្ងឺ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតត្បាល់ និងអង្រែ។
[៨៣] សម័យនោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយគ្រឿងលំអិត ជាភេសជ្ជៈ ដែលគេរែងរួចស្រេចហើយ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា
ID: 636830054995183116
ទៅកាន់ទំព័រ៖