ព្រះត្រៃបិដក ភាគ ០៧
ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យជក់យកផ្សែង។ ពួកភិក្ខុក៏យកថ្នាំនោះមកមូរ ធ្វើជាបារី ហើយជក់ទៅ (ក៏ត្រឡប់ទៅជា) ក្តៅក។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវខ្សៀរ។ សម័យនោះឯង ឆព្វគ្គិយភិក្ខុប្រើប្រាស់ខ្សៀរដ៏ខ្ពស់និងទាប គឺខ្សៀរធ្វើដោយមាសខ្លះ ធ្វើដោយប្រាក់ខ្លះ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកគ្រហស្ថដែលបរិភោគកាមគុណ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ខ្សៀរទាំងឡាយដ៏ខ្ពស់ និងទាបទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតខ្សៀរ ដែលធ្វើដោយឆ្អឹង។បេ។ ដែលធ្វើដោយគូថសង្ខ។ សម័យនោះឯង ភិក្ខុទាំងឡាយ មិនបានបិទគ្របខ្សៀរទុក សត្វតូចៗ ក៏ចូលទៅក្នុងខ្សៀរនោះ។ ពួកភិក្ខុក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវគម្រប។ សម័យនោះឯង ពួកភិក្ខុរក្សាខ្សៀរនៅតែនឹងដៃ។ ភិក្ខុទាំងឡាយក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវថង់សម្រាប់ដាក់ខ្សៀរ។
ID: 636830057534678366
ទៅកាន់ទំព័រ៖