ព្រះត្រៃបិដក ភាគ ០៧
ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសេទកម្ម (ការធ្វើឲ្យចេញញើស)។ ព្រះបិលិន្ទវច្ឆដ៏មានអាយុ ក៏នៅតែអត់ទ្រាំមិនបាន។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឆ្ពង់ដោយស្លឹកឈើ និងមែកឈើផ្សេងៗ។ ព្រះបិលិន្ទវច្ឆដ៏មានអាយុ ក៏នៅតែអត់ទ្រាំមិនបាន។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យឆ្ពុងធំ
(១) ព្រះបិលិន្ទវច្ឆដ៏មានអាយុ ក៏នៅតែអត់ទ្រាំមិនបាន។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទឹកដែលគេស្ងោរលាយនឹងស្លឹកឈើ មែកឈើផ្សេងៗ។ ព្រះបិលិន្ទវច្ឆដ៏មានអាយុ ក៏នៅតែអត់ទ្រាំមិនបាន។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបន្ទប់ទឹក
(២)
[៨៨] សម័យនោះឯង ព្រះបិលិន្ទវច្ឆដ៏មានអាយុ កើតរោគខ្សល់ ចុកសៀតក្នុងសន្លាក់ដៃជើងជាដើម។ ភិក្ខុទាំងឡាយក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុធ្វើឈាមឲ្យហូរចេញបាន។
(១) អដ្ឋកថា ថា ត្រូវដាក់រងើកភ្លើងឲ្យពេញក្នុងរណ្តៅ ឲ្យបានប្រមាណមួយជំហរបុរស រួចបិទរណ្តៅនោះដោយអាចម៍ដី និងដីខ្សាច់ជាដើមហើយ ក្រាលស្លឹកឈើផ្សេងៗលើរណ្តៅនោះ ហើយយកប្រេងលាបខ្លួន រួចដេកប្រែចុះ ប្រែឡើងលើរណ្តៅនោះ ឲ្យចេញញើសពីសរីរៈ។ (២) អដ្ឋកថា ថា ត្រូវដាក់ទឹកក្តៅឲ្យពេញក្នុងភាជន៍ ឬស្នូក ហើយចូលទៅធ្វើការឆ្ពុងក្នុងបន្ទប់ទឹកនោះ។
ID: 636830078830366410
ទៅកាន់ទំព័រ៖