ព្រះត្រៃបិដក ភាគ ០៧
ដ៏មានអាយុ ចាប់យករង្វេលស្មៅមួយ ហើយនិយាយដូច្នេះនឹងប្រពន្ធអារាមិកជននោះថា បើដូច្នោះ មានតែនាងចូរបំពាក់រង្វេលស្មៅនេះ លើក្បាលទារិកានោះចុះ។ ទើបប្រពន្ធអារាមិកជននោះ ក៏ចាប់យករង្វេលស្មៅនោះ ហើយបំពាក់លើក្បាលទារិកានោះ។ រង្វេលស្មៅនោះ ក៏ក្លាយទៅជាកម្រងផ្កាមាស ល្អល្អះ គួរពិតពិលរមិលមើល ជាទីនាំឲ្យកើតសេចក្តីជ្រះថ្លា។ ទុកជាខាងក្នុងព្រះរាជវាំង ក៏រកកម្រងផ្កាមាសបែបនេះគ្មាន។ ពួកមនុស្សក៏ក្រាបបង្គំទូលព្រះបាទមាគធសេនិយពិម្ពិសារថា បពិត្រព្រះសម្មតិទេព ក្នុងផ្ទះអារាមិកជនឯណោះ មានកម្រងផ្កាមាស ល្អល្អះ គួរពិតពិលរមិលមើល ជាទីនាំឲ្យកើតសេចក្តីជ្រះថ្លា ទុកជាខាងក្នុងវាំងរបស់ព្រះករុណា ក៏រកកម្រងផ្កាមាសបែបនោះគ្មានដែរ អារាមិកជននោះ ជាអ្នកកំសត់ទេ នឹងមានកម្រងផ្កាមាសពីណា ប្រាកដជាវាលួចគេមកមិនខានឡើយ។ ក្នុងវេលានោះ ព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់ប្រើឲ្យមនុស្សទៅចាប់ចងត្រកូលអារាមិកជននោះ។ លុះវេលាព្រឹកព្រហាមឡើង ជាថ្ងៃគំរប់ពីរ ព្រះបិលិន្ទវច្ឆដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់ដោយបាត្រ និងចីវរ ហើយចូលទៅបិណ្ឌបាតឯបិលិន្ទវច្ឆគ្រាម កាលបើត្រាច់ទៅបិណ្ឌបាត តាមលំដាប់ច្រក ក្នុងបិលិន្ទវច្ឆគ្រាមហើយ ក៏ចូលទៅរកផ្ទះអារាមិកជននោះ លុះចូលទៅដល់
ID: 636830082498526217
ទៅកាន់ទំព័រ៖