ព្រះត្រៃបិដក ភាគ ០៧
មាសសុទ្ធ។ ព្រះបិលិន្ទវច្ឆដ៏មានអាយុ ថ្វាយព្រះពរសួរថា បពិត្រមហារាជ មាសច្រើនម្ល៉េះនេះ តើព្រះអង្គបានមកពីណា។ ព្រះបាទពិម្ពិសារឆ្លើយថា បពិត្រលោកដ៏ចំរើន មាសនេះខ្ញុំដឹងហើយ នេះជាឥទ្ធានុភាពរបស់លោកម្ចាស់ទេតើ មានបន្ទូលដូច្នោះហើយ ក៏ឲ្យគេដោះលែងត្រកូលអារាមិកជននោះទៅ។
[៩៥] ពួកមនុស្សបានឮដំណឹងថា ព្រះបិលិន្ទវច្ឆដ៏មានអាយុ សំដែងឥទ្ធិបាដិហារ្យ ជាឧត្តរិមនុស្សធម្ម ដល់បរិសទ្យ ព្រមទាំងស្តេចហើយ ក៏មានចិត្តត្រេកអរជ្រះថ្លា នាំគ្នាយកភេសជ្ជៈទាំង៥ គឺទឹកដោះរាវ១ ទឹកដោះខាប់១ ប្រេង១ ទឹកឃ្មុំ១ ស្ករអំពៅ១ មកប្រគេនព្រះបិលិន្ទវច្ឆដ៏មានអាយុ។ ឯព្រះបិលិន្ទវច្ឆដ៏មានអាយុ បានលាភមកហើយ ក៏តែងចាត់ចែងបណ្តាភេសជ្ជៈទាំង៥ ភេសជ្ជៈណាមួយ ដែលលោកបានមកៗ (នោះ) ដល់បរិសទ្យជាធម្មតា។ ចំណែកខាងបរិសទ្យរបស់ព្រះបិលិន្ទវច្ឆដ៏មានអាយុនោះ ជាមនុស្សល្មោភច្រើន តែងយកភេសជ្ជៈទាំងអម្បាលម៉ាន ដែលខ្លួនបានមកៗ ទុកដាក់ពេញថ្លាងខ្លះ ពេញក្អមខ្លះ ពេញសម្ពត់តម្រងទឹកខ្លះ ពេញថង់ខ្លះ ហើយព្យួរទុករាល់ៗបង្អួច។ ភេសជ្ជៈទាំងនោះហៀរហូរកំពប់ខ្ចាយ។ កុដិក៏ដេរដាសដោយពួកកណ្តុរ។ ពួកមនុស្សដើរទៅកាន់វិហារចារិក បានឃើញហើយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា
ID: 636830083079519448
ទៅកាន់ទំព័រ៖