ព្រះត្រៃបិដក ភាគ ០៧
ពួកសមណៈ ជាសក្យបុត្រនេះ មានរបស់ទុកដាក់ក្នុងឃ្លាំង ដូចជាព្រះបាទមាគធសេនិយពិម្ពិសារដែរ។ ពួកភិក្ខុបានឮមនុស្សទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ពួកភិក្ខុណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុមិនគួរនឹងមកសន្សំ (ភេសជ្ជៈ) ដោយសេចក្តីល្មោភច្រើនបែបដូច្នេះសោះ។ ទើបភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកភិក្ខុសន្សំ (ភេសជ្ជៈ) ដោយសេចក្តីល្មោភច្រើនបែបដូច្នេះ ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។បេ។ ព្រះសម្ពុទ្ធទ្រង់តិះដៀល ហើយទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ភេសជ្ជៈទាំងឡាយណា ដែលពួកភិក្ខុមានជម្ងឺ គប្បីលិទ្ធភ្លក់ (ឆាន់)បាន គឺទឹកដោះរាវ១ ទឹកដោះខាប់១ ប្រេង១ ទឹកឃ្មុំ១ ស្ករអំពៅ១ ភិក្ខុទទួលភេសជ្ជៈទាំងនោះហើយ ត្រូវទុកដាក់ឆាន់បានកំណត់ត្រឹម៧ថ្ងៃ ជាយ៉ាងយូរបំផុត បើភិក្ខុទុកភេសជ្ជៈទាំងនោះឲ្យកន្លងហួសពីកំណត់នោះទៅ ត្រូវវិនយធរឲ្យភិក្ខុនោះធ្វើតាមធម៌
(១) ។
ចប់ វារៈសំដែងអំពីភេសជ្ជៈ ដែលព្រះមានព្រះភាគអនុញ្ញាតជាបឋម។
(១) ត្រូវឲ្យភិក្ខុនោះសំដែងអាបត្តិបាចិត្តិយចេញ។
ID: 636830083446590443
ទៅកាន់ទំព័រ៖