ព្រះត្រៃបិដក ភាគ ០៧
[៩៩] សម័យនោះឯង ក្រុងរាជគ្រឹះកើតទុរភិក្ស (អត់បាយ)។ មនុស្សទាំងឡាយ បាននាំយកអំបិលខ្លះ ប្រេងខ្លះ អង្ករខ្លះ ខាទនីយៈខ្លះ ទៅកាន់អារាម។ ភិក្ខុទាំងឡាយ ទុកវត្ថុទាំងនោះខាងក្រៅ(កុដិ) ពួកសត្វតូចៗ
(១) នាំគ្នាស៊ីខ្លះ ពួកចោរលួចយកទៅខ្លះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទុក (វត្ថុទាំងនោះ) ខាងក្នុងអកប្បិយកុដិបាន ភិក្ខុទាំងឡាយ ក៏ទុកវត្ថុទាំងនោះខាងក្នុងអកប្បិយកុដិ ហើយឲ្យគេចំអិនខាងក្រៅ ពួកជនអ្នកស៊ីដែល នាំគ្នាចោមរោមស៊ី។ ភិក្ខុទាំងឡាយ មិនស្និទ្ធចិត្ត (ប្រកបដោយសេចក្តីរង្កៀស) ក៏ចេះតែឆាន់ទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុចំអិនខាងក្នុងអកប្បិយកុដិបាន។ កាលដែលស្រុកអំណត់អត់បាយ ពួកកប្បិយការកជន ក៏នាំយកអាមិសៈអស់ទៅជាច្រើន ប្រគេនតែបន្តិចបន្តួច ដល់ពួកភិក្ខុ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុចំអិនខ្លួនឯងបាន។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុទុកអាមិសៈក្នុងអកប្បិយកុដិបាន ឲ្យចំអិនអាមិសៈ ក្នុងអកប្បិយកុដិបាន ឲ្យចំអិនអាមិសៈខ្លួនឯងបាន។
(១) ក្នុងអដ្ឋកថា ថា សត្វឆ្មា កណ្តុរ ទន្សង និងស្ការ។
ID: 636830089772712277
ទៅកាន់ទំព័រ៖