ព្រះត្រៃបិដក ភាគ ០៧

បពិត្រ​លោក​ដ៏​ចំរើន​ ​លោកម្ចាស់​ឧប​នន្ទ​ទៅណា​ហើយ​។​ ​ពួក​ភិក្ខុ​ប្រាប់​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ឧប​នន្ទ​សក្យ​បុត្រ​ដ៏​មាន​អាយុ​នុ៎ះ​ ​ចូល​ទៅ​ស្រុក​ ​ដើម្បី​បិណ្ឌបាត​ហើយ​។​ ​មនុស្ស​ទាំងនោះ​ប្រាប់​ពួក​ភិក្ខុ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខាទ​នីយៈ​នេះ​ ​ពួក​យើង​ត្រូវ​បង្ហាញ​ ​ដល់​លោកម្ចាស់​ឧប​នន្ទ​សិន​ ​ហើយ​សឹម​ប្រគេន​ដល់​សង្ឃ​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ទទួល​ទុក​ ​ទំ​រាំ​តែ​ឧប​នន្ទ​វិល​មកដល់​។​ ​លំដាប់នោះ​ ​ឧប​នន្ទ​សក្យ​បុត្រ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​រក​ត្រកូល​ទាំងឡាយ​ ​ក្នុង​វេលា​មុន​ភត្ត​ ​ហើយ​វិលត្រឡប់​មក​ ​ក្នុង​វេលា​ថ្ងៃ​ពេក​។​ ​សម័យ​នោះ​ឯង​ ​កាល​ស្រុក​កើត​ទុរភិក្ស​ ​(​អត់បាយ​)​ ​ភិក្ខុ​ទាំងឡាយ​ហាមឃាត់​វត្ថុ​បន្តិចបន្តួច​ខ្លះ​ ​ពិចារណា​ ​ហើយក៏​ហាមឃាត់​ខ្លះ​ ​ម្យ៉ាងទៀត​ ​សង្ឃ​ទាំងអស់​ ​ក៏បាន​ហាម​ភត្ត​រួចហើយ​។​ ​ពួក​ភិក្ខុ​ក៏​រង្កៀស​ ​មិន​ហ៊ាន​ទទួល​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ចូរ​ទទួល​ចុះ​ ​ចូរ​ឆាន់​ចុះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​ភិក្ខុ​ដែល​បរិភោគ​ហើយ​ ​ហាម​ភត្ត​រួចហើយ​ ​ឆាន់​ភោជន​ ​មិនមែន​ជា​របស់​ដែល​ ​អំពី​ភិក្ខុ​ឈឺ​ ​ឬមិន​បាន​ធ្វើ​វិនយកម្ម​ ​ដែល​ភិក្ខុ​បាន​ទទួល​ ​ក្នុង​វេលា​មុន​ភត្ត​ ​(​នោះ​)​បាន​។​
ថយ | ទំព័រទី ២៦៧ | បន្ទាប់
ID: 636830091691632032
ទៅកាន់ទំព័រ៖