ព្រះត្រៃបិដក ភាគ ០៧
មានសេចក្តីជ្រះថ្លា ជាអ្នកឲ្យទាន ជាអ្នកធ្វើការបម្រើសង្ឃ។ លំដាប់នោះ សុប្បិយាឧបាសិកា បានទៅកាន់វត្ត ហើយដើរចូលទៅគ្រប់វិហារ គ្រប់ទីបរិវេណ ហើយសួរភិក្ខុទាំងឡាយថា បពិត្រលោកម្ចាស់ មានលោកម្ចាស់អង្គណាឈឺខ្លះដែរ លោកម្ចាស់អង្គណា ត្រូវការឲ្យខ្ញុំករុណា យករបស់អ្វីមកប្រគេនដែរឬ។ វេលានោះឯង ភិក្ខុ១រូបបានផឹកថ្នាំបញ្ចុះ។ ភិក្ខុនោះក៏និយាយនឹងសុប្បិយាឧបាសិកា ដូច្នេះថា ម្នាលនាង អាត្មាឆាន់ថ្នាំបញ្ចុះ អាត្មាត្រូវការដោយសាច់ ដែលមានឱជារស។ សុប្បិយាឧបាសិកានិយាយថា ល្អហើយ លោកម្ចាស់ នឹងឲ្យគេយកមកប្រគេន (និយាយដូច្នេះហើយ) បានទៅដល់ផ្ទះហើយ ក៏បង្គាប់កូនក្មួយថា ម្នាលនាយ អ្នកចូរទៅ អ្នកចូរដឹង (ចូរទិញ) នូវសាច់សត្វ ដែលស្លាប់ស្រាប់។ បុរសនោះបានទទួលពាក្យសុប្បិយាឧបាសិកាថា បាទអ្នកម្ចាស់ ហើយក៏ដើររកសាច់អស់ទាំងក្រុងពារាណសី មិនបានឃើញសាច់សត្វ ដែលស្លាប់ស្រាប់ឡើយ។ បុរសនោះបានចូលទៅរកសុប្បិយាឧបាសិកា លុះចូលទៅដល់ហើយ បាននិយាយដូច្នេះ នឹងសុប្បិយាឧបាសិកាថា បពិត្រអ្នកម្ចាស់ គ្មានសាច់សត្វ ដែលស្លាប់ស្រាប់ទេ ព្រោះថ្ងៃនេះ គ្មានគេសម្លាប់សត្វសោះ។ លំដាប់នោះ សុប្បិយាឧបាសិកា មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលបើភិក្ខុឈឺនេះឯង មិនបានសាច់ ដែលមានឱជារសទេ
ID: 636830093710677515
ទៅកាន់ទំព័រ៖